(បរទេស)៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk និងរដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បានដាក់សម្ពោធរួមគ្នានូវបណ្តាញសេវាអ៊ីនធឺណេតតាមផ្កាយរណបរបស់ SpaceX គឺ Starlink ខណៈបណ្តាញផ្កាយរណបនេះ នឹងប្រើសម្រាប់វិស័យសុខាភិបាលរបស់ប្រទេសឥណ្ឌូនេស៉ីផ្ទាល់តែម្តង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla បានទៅដល់ទី ក្រុងបាលី នៃប្រទេសឥណ្ឌូនេស៉ី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីចូលរួមកម្មវិធីសម្ពោធបណ្តាញផ្កាយរណប Starlink ។ ស្ថាបនិកក្រុមហ៊ុន SpaceX រូបនេះ បានចុះកិច្ចព្រមព្រៀងផ្តោតលើវិស័យសុខភាពជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលផង និងមានគម្រោងជួបប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូវីដូដូទៀតផង។

ក្នុងដំណើរទៅឥណ្ឌូនេស៉ី ពេលនេះ នៅពេលអ្នកកាសែតសួរនាំថា តើលោកមានគម្រោងវិនិយោគនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនីរបស់ឥណ្ឌូនេស៊ីដែរឬទេ លោក Musk បាននិយាយថា លោកផ្តោតលើ Starlink ជាមុនសិន។ ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីឥណ្ឌូណេស៊ីពណ៌បៃតង ស្ថាបនិកក្រុមហ៊ុន SpaceX បានប្រកាសបន្ថែមទៀតថា សេវា Starlink នឹងជួយសង្គ្រោះជីវិតអ្នកជំងឺសម្រាកក្នុងមន្ទីរគ្លីនិកដាច់ស្រយាលផង និងអាចជាឧបករណ៍ជួយប្តូរផ្លាស់ក្នុងវិស័យអប់រំផង។

គួរជម្រាបថា ឥណ្ឌូនេស៊ីជាប្រទេសទីបីនៅអាស៊ីអាគ្នេយ៍ដែលប្រតិបត្តិការបណ្តាញផ្តាយរណប Starlink បន្ទាប់ពីម៉ាឡេស៊ី និង នៅហ្វីលីពីន៕