(ប៊ែកឡាំង)៖ ដោយផ្អែកទៅតាម Time Zones ទីក្រុងភ្នំពេញ ប្រទេសកម្ពុជាមានល្វែងម៉ោងដើរលឿនជាង ៥ម៉ោង បើធៀបទៅនឹងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ជាទីដែលរៀបចំព្រឹត្តិការណ៍បាល់ទាត់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2024 ដោយមាន ២៤ប្រទេសចូលរួម។

ភាពខុសប្លែកគ្នាដល់ទៅ ៥ម៉ោងរវាងប្រទេសស្ថិតនៅទ្វីបអាស៊ី និងអឺរ៉ុបនេះ បានញាំងឱ្យអ្នកគាំទ្រនៅខ្មែរ បន្តដាច់យប់ និងខ្លះដាក់ម៉ោងរោទិ៍ផងដែរ ដើម្បីឡើងទស្សនាផ្សាយបន្តផ្ទាល់នៃយុទ្ធនាការលំដាប់លេខ២ ពិភពលោកមួយនេះ បន្ទាប់ពី World Cup។

ទោះជាយ៉ាងទាំង ៥១ប្រកួតសរុបនៅ Euro លើកទី១៧ នេះដែរ ក៏មានប្រកួតខ្លះលេងម៉ោង ៨យប់នៅកម្ពុជាដែរ ដែលស្មើនឹងម៉ោង ៣រសៀលនៅអាល្លឺម៉ង់។ គូប្រកួតដែលចាប់ផ្តើមពីក្បាលព្រលប់នៅកម្ពុជា គឺមានតែការប្រកួតសន្សំពិន្ទុក្នុងពូលតែប៉ុណ្ណោះ ដ្បិតវគ្គបន្តបន្ទាប់ចាប់ពីលេងពីម៉ោង ១១យប់ និងម៉ោង ២រំលងអាធ្រាត្រ។

គួរបញ្ជាក់ផងថា ម្ចាស់ផ្ទះអាល្លឺម៉ង់ ត្រូវប្រកួតបើកឆាកទល់នឹងជម្រើសជាតិស្កុតឡេននាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា) បន្ទាប់ពីពិធីបើកសម្ពោធត្រូវបានបញ្ចប់ដែលនឹងត្រូវធ្វើឡើងនៅ Allianz Arena ដែលជាកីឡដ្ឋានរបស់ក្លិប Bayern Munich ស្ថិតក្នុងទីក្រុង Munich នៅពេលផ្តាច់ព្រ័ត្រធ្វើនៅទីក្រុងប៊ែកឡាំង ក្នុងកីឡដ្ឋានជាតិ Olympiastadion៕