(ព្រះសីហនុ)៖ លេងកីឡាធ្វើឲ្យប្រជាជន និងយុវជនរបស់យើងគ្រប់រូបចៀសផុតពីការទំនេរទៅធ្វើសកម្មភាពផ្តេសផ្តាសបង្កជាក្រុមបងតូច បងធំ ការសេពគ្រឿងញៀន គ្រឿងស្រវឹង ការប្រព្រឹត្ដអំពើអបាយមុខផ្សេងៗ និងការប្រើអំពើហិង្សាក្នុងគ្រួសារជាដើម ដែលបង្កឲ្យមានអសេ្ថរភាពក្នុងសង្គមជាតិ។ កីឡាករត្រូវទទួលយកនូវលទ្ធផលចាញ់ឈ្នះ ដែលជាធាតុចូលដ៏សំខាន់នៃសេចក្តីថ្លៃថ្នូរ និងស្របតាមគោលការណ៍យុត្តិធម៌ និងមិត្តភាព។

នេះជាការលើកឡើងរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់មហាជនជ្រើសរើសជើងឯកពានរង្វាន់ «ឯកឧត្តម គួច ចំរើន នៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ»

ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុក ប្រធានមន្ទីរ-អង្គភាព លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានធ្វើរបាយការណ៍សង្ខេប ស្តីពីការប្រកួតកីឡាបាល់ទាត់មហាជនពានរង្វាន់ ឯកឧត្តម គួច ចំរើន ឆ្នាំ២០២៤ មានរយៈពេល ៩សប្តាហ៍ មានក្រុមកីឡាករចូលរួមប្រកួត ១៦ក្រុម ចែកចេញជា ៤ពូល A,B,C,D ប្រកួតស្មើនឹង ៣២ប្រកួត។

ជាលទ្ធផលដែលយើងទទួលបានថ្ងៃនេះ លេខ១ បានទៅក្រុមកីឡាករកងរាជអាវុធហត្ថស្រុកព្រៃនប់ លេខ២ ក្រុមកីឡាយុវជន ឃុំបឹងតាព្រហ្ម លេខ៣ ក្រុមកីឡាករអធិការដ្ឋានគរបាលស្រុកព្រៃនប់។ ក្រៅពីជ័យលាភីទាំង ៣ខាងលើ ក៏មានពានជ័យលាភីដូចជា ស្បែកជើងមាស ស៊ុតបញ្ចូលទីបានគ្រាប់បាល់ច្រើន ស្រោមដៃមាស ក្រុមកីឡាករទទួលបានកាតពិន័យក្នុងការប្រកួតច្រើនជាងគេ។ ទន្ទឹមនឹងការប្រកួតកីឡាមហាជន ក៏មានកីឡាវ័យចាស់ចូលរួមប្រកួតចំនួន ៤ក្រុម ប្រកួតជាមិត្តភាព និងដើម្បីសុខភាពផងដែររួមមាន៖ ១-វ័យចាស់ ស.ស.យ.ក.ឃុំអូរជ្រៅ ២-អិចទីហាដ ៣-កងរាជអាវុធហត្ថ ៤-ហង្សមាស។

លោក គួច ចំរើន បានថ្លែងថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឆ្នាំ២០២៤ ដោយសង្កត់ធ្ងន់ថា ការលេងកីឡានាំមកនូវសុខភាពសម្រាប់មនុស្សគ្រប់រូបមានសុខភាពល្អ និងជាធនធានដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងមានការអភិវឌ្ឍរីកចម្រើនក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់លើវិស័យអប់រំកាយ និងកីឡា ដែលជាផ្នែកមួយដ៏សំខាន់របស់វិស័យអប់រំ ក្នុងការលើកកម្ពស់សុខមាលភាពរាងកាយ បញ្ញាស្មារតី មិត្តភាព សាមគ្គីភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងឧត្តមភាពជាតិលើឆាកអន្តរជាតិ តាមរយៈការប្រកួតកីឡាគ្រប់ប្រភេទ ដើម្បីលើកស្ទួយវិស័យកីឡាឱ្យមានការរីកចំរើនទាំងបរិមាណ គុណភាព និងលទ្ធផលល្អក្នុងការប្រកួតគ្រប់លំដាប់ថ្នាក់។

អភិបាលខេត្តបានកោតសរសើរចំពោះក្រុមកីឡាករដែលបានខិតខំប្រឹងប្រែងប្រកួតយ៉ាងស្វិតស្វាញ ស្វាហាប់ បញ្ចេញនូវបច្ចេកទេស ទោះបីអាកាសធាតុមិនអំណោយផលយ៉ាងណាតែក្រុមកីឡារបស់យើងធ្វើការប្រកួតដោយស្មារតី សាមគ្គីភាព មិត្តភាព ផ្តើមចេញពីការប្រកួតរបស់ក្រុមនិមួយៗនាពេលកន្លងមក ធ្វើឱ្យយើងរកឃើញនូវលទ្ធផលត្រឡប់មកវិញ គឺការគាំទ្រសាទរពីមហាជនទទួលបានជ័យលាភីនាពេលនេះ។

ក្នុងឱកាសនោះ លោកអភិបាល ក៏បានផ្តល់ពានរង្វាន់ជ័យលាភី លេខ១ បានទៅក្រុមកីឡាករកងរាជអាវុធហត្ថស្រុកព្រៃនប់ ទទួលបានពានរង្វាន់១ មេដាយមាស និងថវិកា ១០លានរៀល លេខ២ យុវជនបឹងតាព្រហ្ម ពានមួយ មេដាយប្រាក់ និងថវិកា ៧លានរៀល និងលេខ៣ ក្រុមកីឡាករអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ពាន១ មេដាយសំរិទ្ធ និងថវិកា ៥លានរៀល៕