(ភ្នំពេញ)៖ មន្ទីរពេទ្យ FV បានរៀបចំសិក្ខាសាលាវេជ្ជសាស្រ្ត ក្រោមប្រធានបទ «បច្ចេកវិទ្យាទំនើបក្នុងការអន្តរាគមន៍សរសៃឈាមបេះដូង» ដោយមានការចូលរួមពីអ្នកជំនាញវេជ្ជសាស្ត្រជាច្រើន ពីប្រទេសវៀតណាម និងកម្ពុជា ដើម្បីចែករំលែកភាពជឿនលឿនថ្មី ក្នុងការព្យាបាលសរសៃឈាមបេះដូង។

សិក្ខាសាលានេះ បានរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ មានអ្នកចូលរួមប្រមាណ១៥០នាក់ ដែលសុទ្ធជាអ្នកឯកទេសជំងឺបេះដូងនៅមន្ទីរពេទ្យធំៗជាច្រើន ក្នុងប្រទេសកម្ពុជា ដែលមកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន មន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យឯកជនរួមមាន មន្ទីរពេទ្យសង់ត្រាល់ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងម៉េត ជាដើម។

នៅក្នុងសិក្ខាសាលាជំងឺសរសៃឈាមបេះដូងនេះ វេជ្ជបណ្ឌិតកម្ពុជា និង វៀតណាមបានផ្តោតលើការពិភាក្សា អំពីភាពជឿនលឿនថ្មី ក្នុងការព្យាបាលសរសៃឈាមបេះដូង ដែលកំពុងត្រូវបានអនុវត្តយ៉ាងទូលំទូលាយ នៅជុំវិញពិភពលោក។

ក្នុងឱកាសថ្លែងបើកសិក្ខាសាលានេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានសមាគមជំងឺបេះដូងកម្ពុជា មានប្រសាសន៍ថា ជំងឺសរសៃឈាមបេះដូង គឺជាមូលហេតុចម្បងនៃការស្លាប់នៅក្នុងពិភពលោក ដោយសារតែវិធីព្យាបាលដ៏ស្មុគស្មាញនេះ ពិភពលោកតែងតែធ្វើបច្ចុប្បន្នភាពបច្ចេកទេសព្យាបាលថ្មីៗ និងមានប្រសិទ្ធភាពជាងមុន ដែលបង្កើនឱកាសសង្គ្រោះជីវិតអ្នកជំងឺ។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់មន្ទីរពេទ្យ FV ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការតភ្ជាប់ និងចែករំលែកចំណេះដឹងផ្នែកវេជ្ជសាស្រ្តដល់សហការីកម្ពុជា។ នេះគឺជាឱកាសមួយសម្រាប់សហគមន៍សរសៃឈាមបេះដូង ដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹងផ្នែកវេជ្ជសាស្ត្រជាក់ស្តែង។

លោកវេជ្ជបណ្ឌិត ញ៉ែម សុភារ័ត្ន គ្រូពេទ្យឯកទេសជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា សិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការព្យាបាលជំងឺសរសេរឈាមបេះដូងនេះ មានសារៈសំខាន់ណាស់ ដើម្បីអង្កេតមើលថា តើបច្ចេកទេសនៃការព្យាបាលជំងឺបេះដូងរបស់កម្ពុជា និងប្រទេសជិតខាងដើរដល់កម្រិតណា ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក។

លោកបានឱ្យដឹងថា តាមរយៈសិក្ខាសាលាលោកបានចែករំលែកចំណេះដឹងទាក់ទង អេកូនៅក្នុងសរសៃឈាមបេះដូង។

លោកវេជ្ជបណ្ឌិត Do Trong Khanh ប្រធានផ្នែកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ FV បានឱ្យដឹងថា មានហេតុផលបីយ៉ាងដែលមន្ទីរពេទ្យ FV លើកយកប្រធានបទ «បច្ចេកវិទ្យាទំនើបក្នុងការអន្តរាគមន៍សរសៃឈាមបេះដូង» រៀបចំសិក្ខាសាលានៅកម្ពុជា ដោយសារ ​ប្រជាជនកម្ពុជា និងវៀតណាម មានបញ្ហាជំងឺបេះដូងដូចគ្នា ខណៈដែលជំងឺនេះវិវត្តកាន់តែស្មុគស្មាញ និងត្រូវការការព្យាបាលកម្រិតខ្ពស់។ លោកបន្ថែមថា FV បានរៀបចំសិក្ខាសាលានេះនៅកម្ពុជា២ ឆ្នាំមុនម្តងរួចហើយ ហើយឥលូវនេះគឺពេលវេលាល្អសម្រាប់វេជ្ជបណ្ឌិតជំនាញ ជួបជុំគ្នា ធ្វើបច្ចុប្បន្នភាពបច្ចេកទេស បច្ចេកវិទ្យាថ្មីៗ និងពង្រឹងទំនាក់ទំនងវៀតណាម-កម្ពុជា។

លោកបានលើកឡើងទៀតថា«យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា មន្ទីរពេទ្យ FV បានក្លាយជាសមាជិកនៃក្រុមហ៊ុន Thomson Medical Group(TMG) ដែលជាក្រុមហ៊ុនវេជ្ជសាស្រ្តឈានមុខគេមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការក្លាយជាសមាជិករបស់ TMG នឹងធ្វើឱ្យមន្ទីរពេទ្យ FV កាន់តែរីកចំរើន និងមានឱកាសពង្រីងសម្ថភាពក៏ដូចជាប្រមូលផ្ដុំនូវវេជ្ជបណ្ឌិត ដែលមានទេពកោសល្យ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក។ យើងបានអភិវឌ្ឍន៍ខ្លួនមានពេលរយៈពេលជាង២០ ឆ្នាំមកហើយ។ ប៉ុន្តែឥឡូវនេះជាមួយ TMG និងក្រុមរបស់ពួកគេរួមគ្នា វានឹងក្លាយជាការអភិវឌ្ឍន៍ដ៏អស្ចារ្យបន្ថែមទៀតសំរាប់យើង»។

លោកវេជ្ជបណ្ឌិត Ho Minh Tuan ប្រធានផ្នែកជំងឺបេះដូងនៅមន្ទីរពេទ្យ FV បានលើកឡើងថាសិក្ខាសាលានេះមានសារៈសំខាន់ណាស់ ក្នុងការចែករំលែកពីបច្ចេកវិទ្យាថ្មីៗក្នុងការព្យាបាលជំងឺបេះដូងទៅដល់ក្រុមវេជ្ជបណ្ឌិតនៃប្រទេសទាំងពីរ។

លោកបន្តថា «នៅឆ្នាំនេះ យើងបានពិភាក្សាទៅប្រធានបទសំខាន់ៗ ដូចជា តួនាទីនៃអេកូក្នុងសរសៃឈាមបេះដូង(IVUS)សំរាប់ជំងឺស្ទះសរសៃឈាម, ការព្យាបាលប្ដូរប្រើសបេះដូងដែលត្បៀត ដោយបច្ចេកទេស TAVI ដោយមិនចាំបាច់វះកាត់ ,ភាពជឿនលឿនថ្មីនៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនៃជំងឺសរសៃឈាមបេះដូង និងថ្មបេះដូងដែលគ្មានខ្សែ ដែលជាវិធីសាស្រ្តព្យាបាលនីមួយៗផ្តល់សុវត្ថិភាពដល់អ្នកជំងឺ។ ថ្ងៃនេះមានសំណួរជាច្រើនពីក្រុមគ្រូពេទ្យដែលបានចូលរួម ហើយយើងបានពិភាក្សាគ្នា និងទទួលបានបទពិសោធន៍ច្រើនក្នុងការអនុវត្តព្យាបាលអ្នកជំងឺ»

ប្រធានបទទាក់ទងនឹង ភាពជឿនលឿនថ្មីនៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនៃជំងឺ គាំងបេះដូង ស្រួចស្រាវ ត្រូវបានបង្ហាញដោយ លោកវេជ្ជបណ្ឌិត Ho Minh Tuan។ លោកឡើងឡើងថា ជំងឺគាំងបេះដូងស្រួចស្រាវ គឺជាជំងឺដែលបង្កឡើងដោយបន្ទះខ្លាញ់រុំក្នុងសរសៃឈាមបេះដូង បង្កើតជាដុំឈាមកកដែលបិទស្ទះសរសៃឈាម ដែលនាំឱ្យខ្វះការផ្គត់ផ្គង់ឈាមទៅសាច់ដុំបេះដូង។ ជំងឺគាំងបេះដូងស្រួចស្រាវ ប្រសិនបើមិនបានព្យាបាលទាន់ពេលទេនោះ នឹងបណ្តាលឱ្យខូចសាច់ដុំបេះដូងអាចស្លាប់ភ្លាមៗ។ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ មន្ទីរពេទ្យ FV បានអនុវត្តវិធីសាស្រ្តដាក់ stent ទំនើប ដើម្បីព្យាបាលជំងឺស្ទះសរសៃឈាមបេះដូងដែលនាំឱ្យគាំងបេះដូងស្រួចស្រាវ។ stent នឹងត្រូវបានដាក់បញ្ជូល ពីសរសៃឈាមដៃទៅកាន់បេះដូង ពង្រីកតាមតំបន់ដែលត្បៀត។ វិធីនេះមានរយៈពេល១៥ទៅ២០ នាទី ដូច្នេះហើយបានសង្គ្រោះជីវិតអ្នកជំងឺក្នុងស្ថានភាពធ្ងន់ធ្ងរបានភ្លាមៗ។​ លោកវេជ្ជបណ្ឌិត Tuan បានឱ្យដឹងថា FV បានកំណត់លក្ខណៈវិនិច្ឆ័យខ្ពស់ជាងមុន ដោយកាត់បន្ថយពេលវេលាមាសនៃការសង្គ្រោះឱ្យតិចជាង៧០នាទី ហើយករណីសង្គ្រោះបន្ទាន់ជាច្រើនត្រូវបានកាត់បន្ថយឱ្យតិចជាង៦០នាទី។

បន្ថែមពីនេះ លោកបានចែករំលែកពីការព្យាបាលប្ដូរប្រើសបេះដូងដែលត្បៀតខូច ដោយបច្ចេកទេស TAVI ដោយមិនចាំបាច់វះកាត់បើកទ្រូង។

លោកវេជ្ជបណ្ឌិតបានពន្យល់ថា ជំងឺត្បៀតប្រើសបេះដូងអាអកទិក គឺជាជំងឺបេះដូងទូទៅដែលមានប្រហែល២-៥% នៃមនុស្សដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ និង៣០% នៃមនុស្សដែលមានអាយុលើសពី៧៥ឆ្នាំ។ នេះគឺជាជំងឺដែលបង្កបញ្ហាប្រឈមជាច្រើនក្នុងការព្យាបាល ជាពិសេសចំពោះមនុស្សចាស់ដែលមានជំងឺប្រចាំកាយ។ អ្នកជំងឺ​ត្បៀតប្រើសបេះដូងអាអកទិកមានហានិភ័យនៃការស្លាប់បន្ទាប់ពីកើតជំងឺនេះ១ឆ្នាំ រហូតដល់៤០% ប្រសិនបើពួកគេមិនទទួលបានអន្តរាគមន៍ជំនួសប្រើសសម្បនិម្មិត។

ថ្មីៗនេះ បច្ចេកទេសជំនួសប្រើសបេះដូងអាអកទិកគឺធ្វើដោយ ​TAVI​ ដែលមិនតម្រូវឱ្យមានការវះកាត់បើកចំហទ្រូង និងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក និងនៅតាមមជ្ឈមណ្ឌលសរសៃឈាមបេះដូងធំៗមួយចំនួនក្នុងប្រទេសវៀតណាម រួមទាំង FV ផងដែរ។

ចំណែក លោកវេជ្ជបណ្ឌិត ញ៉ែម សុភារ័ត្ន គ្រូពេទ្យឯកទេសជំងឺបេះដូង មន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញអំពី អេកូសរសៃឈាមបេះដូង (IVUS) ដែលជាបច្ចេកទេសថ្មីប្រើការឆ្លុះអេកូសរសៃតូចបំផុតប្រហែល 60MHz ដើម្បីបង្កើតគុណភាពរូបភាព HD ដើម្បីបញ្ចូលទៅក្នុងសរសៃឈាមបេះដូង តាមរយៈទីតាំងដែលស្ទះ ដើម្បីវាយតម្លៃស្ថានភាពនៃសរសៃឈាមបេះដូង។ IVUS ជួយកំណត់លក្ខណៈរចនាសម្ព័ន្ធនៃបន្ទះខ្លាញ់ ទំហំនៃសរសៃឈាម និងវិធីសាស្រ្តនៃការធ្វើអន្តរាគមន៍ ដើម្បីអាចជ្រើសរើសឧបករណ៍ដែលសមស្របបំផុតសម្រាប់អន្តរាគមន៍សរសៃឈាមបេះដូង។ នេះគឺជាវិធីសាស្រ្តដែលមានសុវត្ថិភាព និងត្រឹមត្រូវខ្ពស់ ដែលអាចត្រូវបានអនុវត្តច្រើនដង ដើម្បីវាយតម្លៃរចនាសម្ព័ន្ធនៃជញ្ជាំងសរសៃឈាមបេះដូង និងជំងឺដែលពាក់ព័ន្ធ ក៏ដូចជាការផ្លាស់ប្តូរនៅក្នុងសរសៃឈាមមុននិងក្រោយអន្តរាគមន៍។

រីឯលោក វេជ្ជបណ្ឌិត Hoang Quang Minh ផ្នែកជំងឺបេះដូង នៃមន្ទីរពេទ្យ FV បានធ្វើបទបង្ហាញជុំវិញប្រធានបទ «លក្ខខណ្ឌមិនប្រក្រតីនៃចង្វាក់បេះដូងក្រោយការសង្គ្រោះនៃជំងឺគាំងបេះដូង និងការដាក់បញ្ចូលថ្មបេះដូងដែលគ្មានខ្សែ»។

លោកបានពន្យល់ថា អស់រយៈពេលជាយូរមកហើយ អ្នកជំងឺដែលមានចង្វាក់បេះដូងលោតខុសប្រក្រតី ត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើឧបករណ៍បង្កើនចង្វាក់បេះដូងហៅថាថ្មបេះដូងតាមសរសៃឈាម។ ម៉ាស៊ីនប្រភេទនេះជួយអ្នកជំងឺរក្សាលំនឹងចង្វាក់បេះដូង ប៉ុន្តែវាមានគុណវិបត្តិមួយចំនួនដូចជា វាអាចបណ្តាលឱ្យស្លាប់ភ្លាមៗបន្ទាប់ពីការដាក់មិនបានត្រឹមត្រូវល្អ និងមានហានិភ័យនៃការឆ្លងមេរោគ និងស្លាកស្នាមក្រោយការវះកាត់។ ថ្មបេះដូងដែលមានខ្សែមិនអាចប្រើបានចំពោះអ្នកដែលមានស្ទះសរសៃឈាមនៅក្រោមឆ្អឹងដងកាំបិតឬ អ្នកជំងឺដែលមានបញ្ហាខ្សោយតំរងនោមដែលត្រូវការការលាងឈាមជាប្រចាំ។

លោកពន្យល់ថា «ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ឧបករណ៍បង្កើនចង្វាក់បេះដូង គ្មានខ្សែបានបង្ហាញពីសក្តានុពល ក្នុងការព្យាបាលជំងឺចង្វាក់បេះដូង ជាពិសេសចំពោះអ្នកជំងឺមានវ័យចំណាស់។ វិធីសាស្រ្តនេះបានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពព្យាបាល កាត់បន្ថយការស្នាក់នៅក្នុងមន្ទីរពេទ្យ កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងផលវិបាកពី ៥-១០% ទៅ ១-២% ។ បច្ចុប្បន្ននេះ ការដាក់ឧបករណ៍បង្កើនចង្វាក់បេះដូងគ្មានខ្សែ បានបង្ហាញពីប្រសិទ្ធភាពរបស់វា ហើយនៅពេលអនាគតគេរំពឹងថា នឹងពង្រីកការព្យាបាលដល់អ្នកជំងឺគ្រប់ប្រភេទ ជាពិសេសអ្នកជំងឺដែលមានបញ្ហាសរសៃឈាមបេះដូង ដូចជាបន្ទាប់ពីជំងឺ myocardial infarction ដូច្នេះអ្នកជំងឺអាចចេញពីមន្ទីរពេទ្យបានលឿនជាងមុន»

សិក្ខាសាលា «បច្ចេកទេសកម្រិតខ្ពស់ក្នុងការអន្តរាគមន៍ សរសៃឈាមបេះដូង» ត្រូវបានកោតសរសើរយ៉ាងខ្លាំង ដោយវេជ្ជបណ្ឌិតដែលចូលរួមសម្រាប់ការអនុវត្ត និងការអនុវត្តជាក់ស្តែង។ នេះគឺជាឱកាសមួយ សម្រាប់មជ្ឈមណ្ឌលសរសៃឈាមបេះដូងជាច្រើន ដើម្បីពិចារណាលើការអនុវត្តបច្ចេកទេសថ្មីទាំងនេះ ដោយជួយព្យាបាលអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាព។ បណ្តាវេជ្ជបណ្ឌិតក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ FV ក្នុងការរៀបចំជាប្រចាំនូវការផ្លាស់ប្តូរជាមួយ វេជ្ជបណ្ឌិតនៅក្នុងប្រទេសកម្ពុជា ដើម្បីចែករំលែកនូវសមិទ្ធិផលថ្មីៗក្នុងការព្យាបាលជម្ងឺស្មុគស្មាញ។ ចំណេះដឹងនេះមានតម្លៃណាស់សម្រាប់វេជ្ជបណ្ឌិត ដែលផ្តល់ការព្យាបាលដោយផ្ទាល់នៅមន្ទីរពេទ្យកម្ពុជា៕