(ឡុងដ៍)៖ Tottenham Hotspur និង Newcastle United សមាជិកលេងនៅលីគកំពូលអង់គ្លេស Premier League ដូចគ្នា បន្តពើបប្រទះគ្នាទៀតនៅប្រទេសអូស្រ្តាលី នៃជំនួបមិត្តភាពអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

សារិកាព្រៃ Newcastle បានបំបាក់មាន់ខ្នាយមាស Spurs ក្នុងលទ្ធផល ៤ទល់នឹង០ ពីការជួបគ្នាចុងក្រោយនារដូវកាលនេះនៅ Premier League កាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៤ ក្នុងកីឡដ្ឋាន St James’ Park របស់ខ្លួន។

ដ្បិតលេងបិទរដូវកាលនេះរួចរាល់ហើយពិតមែន ក៏ប៉ុន្តែក្រុមទាំងពីរពុំទាន់សម្រាកឡើយ ពោលគឺបន្តហោះទៅ អូស្រ្តាលីទៀត ក្នុងការប្រកួតមិត្តនៅទីនោះធ្វើឡើងនៅកីឡដ្ឋាន Melbourne Cricket Ground នាថ្ងៃពុធសប្តាហ៍ក្រោយ បន្ទាប់ពីជំនួបផ្តាច់ព្រ័ត្រដណ្តើមពាន FA Cup រវាង Manchester United និង Manchester City នារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ធ្វើឡើងនៅកីឡដ្ឋានជាតិ Wembley។

នៅដែនដីស្ថិតនៅទ្វីបអាស៊ីនេះដែរ Newcastle នឹងលេងមិត្តភាពទី២ របស់ពួកគេទៀតទល់នឹងក្រុម All Star ដែលជ្រើសរើសចេញពីលីគ A-League ២ថ្ងៃបន្ទាប់ ក្រោយពេលជួប Spurs៕