(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប៉ែកខាងកើតនៃជ្រុងខាងលិច ឆៀងខាងជើងរបស់ប្រាសាទបន្ទាយសម្រែ។

គម្រោងជួសជុលនេះក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយនិងស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់។ អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក ឡុង ណារី បានឱ្យដឹងថា បច្ចុប្បន្នរានហាល នៅប៉ែកខាងកើតនៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសម្រែ ចាំបាច់ត្រូវពង្រឹងគ្រឹះនិងរចនាសម្ពន្ធឱ្យរឹងមាំឡើងវិញ ពីព្រោះគ្រឹះរបស់រានហាលនេះកន្លែងខ្លះទ្រុឌទ្រោមខ្លាំង កន្លែងខ្លះប្រេះបែកថ្មធ្វើឱ្យរចនាសម្ពន្ធមិនរឹងមាំ។

ចំណែកឯបង្កាន់ដៃនាគនៅផ្នែកខាងលើរបស់រានហាលវិញ ក្រុមអ្នកបច្ចេកទេសកំពុងជួសជុលឡើងវិញទៅតាមអ្វីដែលអាចធ្វើទៅបាន។ លោក ឡុង ណារី បានបញ្ជាក់ទៀតថា បច្ចុប្បន្នក្រុមការងារបានរើថ្មបង្កាន់ដៃនាគខ្លះដែលបានរលំ និងផ្ទាំងថ្មខ្លះបានក្រៀកញែកចេញពីគ្នារួចហើយ ព្យាយាមរុញចូលគ្នាឡើងវិញ។ ក្នុងការជួសជុលបង្កាន់ដៃនាគនេះដែរ គឺបានប្រើកាវប្រភេទFiber Glass ដើម្បីបិទភ្ជាប់ថ្មដែលបែកឡើងវិញ ព្រមទាំងប្រើសរសៃដែកថែប ដើម្បីតភ្ជាប់តំណថ្ម និងជួយទ្រទម្ងន់ថ្មខ្លះផង។ ចំពោះបង្កាន់ដៃចាស់ខ្លះ ដែលបែករកបំណែកមិនឃើញ គឺក្រុមការងារបានប្រើថ្មថ្មីមកបិទបំពេញ ចំណែកកន្លែងខ្លះដែលបាត់ថ្ម គឺត្រូវយកថ្មថ្មីមកឆ្លាក់ហើយដាក់ជំនួស។

បច្ចុប្បន្ននេះ រានហាល និងបង្កាន់ដៃនាគនៅប៉ែកខាងកើតនៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសម្រែ មានថ្មខូចខាតជាច្រើនប្រភេទ ដោយកន្លែងខ្លះថ្មបានបែកពីលើកន្លែងខ្លះបែកពីក្រោម កន្លែងខ្លះបែកពីចំហៀង និងកន្លែងខ្លះទៀតថ្មមានសភាពពុកផុយ ដែលទាមទារឱ្យអ្នកបច្ចេកទេសត្រូវធ្វើ់ការព្យាបាល និងដកជាតិអំបិលចេញពីថ្ម មុននឹងយកដាក់ទៅតាមកន្លែងដើមឡើងវិញ៕