(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានចាប់ផ្តើមយុទ្ធនាការបញ្ចុះតម្លៃក្នុងចំនួនដ៏ច្រើននៅលើគេហទំព័រផ្លូវការ Tmall របស់ខ្លួននៅក្នុងប្រទេសចិន ដោយផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ ២,៣០០យន់ (ស្មើនឹង ៣១៨ដុល្លារ) លើម៉ូដែល iPhone មួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

នេះមិនមែនជាលើកទី១ នោះទេដែល Apple ធ្វើការបញ្ចុះតម្លៃក្នុងចំនួនដ៏ច្រើនបែបនេះនៅក្នុងទីផ្សារប្រទេសចិន។ ទាំងនេះ ក៏ដោយសារតែ Apple ព្យាយាមការពារជំហររបស់ខ្លួននៅក្នុងទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់ ដែលជាកន្លែងដែលវាប្រឈមនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូប្រជែងក្នុងស្រុកដូចជា Huawei។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា យុទ្ធនាការបញ្ចុះតម្លៃនេះ នឹងចាប់ផ្តើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែឧសភានេះតទៅ ដែលវាមានរយៈពេលយូរជាង បើធៀបទៅនឹងពេលវេលាដែល Apple ផ្តល់ជូនកាលពីក្នុងខែកុម្ភៈ។ យ៉ាងណាមិញសូម្បីតែការបញ្ចុះតម្លៃក៏ខុសគ្នាផងដែរ ខណៈពេលដែលការបញ្ចុះតម្លៃខ្ពស់បំផុតក្នុងយុទ្ធនាការខែកុម្ភៈ គឺមានចំនួន ១,១៥០យន់ ចំណែកលើកនេះ មានចំនួនរហូតដល់ ២,៣០០យន់ឯណោះ។

គួរជម្រាបថា ការបញ្ចុះតម្លៃចុងក្រោយនេះ គឺអនុវត្តចំពោះម៉ូដែល iPhone 15 Pro Max ទំហំ 1TB (១ តេហ្គាបៃ) ខណៈដែលម៉ូដែលផ្សេងទៀតក៏ឃើញមានការបញ្ចុះតម្លៃបានក្នុងចំនួនច្រើនគួរឱ្យកកត់សម្គាល់ផងដែរ។ ជាក់ស្តែងដូចម៉ូដែល iPhone 15 Pro Max ទំហំ ១២៨ជីហ្គាបៃទទួលបានការបញ្ចុះតម្លៃរហូតដល់ ១,៤០០យន់៕