(ភ្នំពេញ)៖ ជាផ្លូវការក្រោយការចាប់ឆ្នោតបែងចែកពូល ក្រុមជម្រើសជាតិកម្ពុជា បានស្ថិតក្នុងពូល A នៃការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup ឬ AFF Cup ឆ្នាំ 2024 ជាមួយក្រុមថៃ, ម៉ាឡេស៊ី, សិង្ហាបុរី នឹងមួយក្រុមទៀត ត្រូវរង់ចាំក្រុមឈ្នះរវាងប្រុយណេ និងទីម័រខាងកើត ដែលប៉ះគ្នាក្នុងវគ្គជម្រុះ។
ការចាប់ឆ្នោតបែងចែកពូលនេះដែរ បានធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃអង្គារ ទី 21 ខែឧសភា ឆ្នាំ 2024 សម្រាបពូល B មាន ក្រុមវៀតណាម, ឥណ្ឌូនេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, និងក្រុមឡាវ ជាមួយការប្រកួតគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ខណៈក្រុមថៃ ជាក្រុមឈ្នះពាននេះច្រើនជាងគេដល់ទៅ ៧ដង ។
រំលឹកផងថា កាលឆ្នាំ២០២២ ក្រុមជម្រើសជាតិកម្ពុជា បានបញ្ចប់នៅលេខរៀងទី៣ ក្នុងពូល A ដោយរកបាន ៦ពិន្ទុពីការឆ្លងកាត់ ៤ប្រកួត រកបានជ័យជម្នះ ២ប្រកួត នឹងចាញ់ ២ដង ហើយនេះជាលើកទី១០ របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងឱកាសឈានចូលដល់វគ្គចែកពូល (Group Stage) ដែលត្រូវការពីរក្រុមកំពូលតារាងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
ការប្រកួតជម្រុះរវាងក្រុមជម្រើសជាតិទីម័រខាងកើត ទល់នឹងប្រ៊ុយណេ នឹងធ្វើឡើងនៅខែតុលា ចំនួនពីរជើង ដើម្បីរកកៅអីឡើងពូល A នេះផងដែរ ខណៈប្រកួតដំបូងរបស់ជម្រើសជាតិកម្ពុជា ត្រូវប៉ះក្រុមម៉ាឡេស៊ី នៅថ្ងៃទី២៣ ខែវិច្ឆិកា នៅពហុកីឡដ្ឋានមរតកតេជោ៕