(ឡុងដ៍)៖ Jadon Sancho និង Marcus Rashford ដែលបរាជ័យទាត់ប៉េណាល់ទីផ្តាច់ព្រ័ត្រកាល Euro 2020 មិនត្រូវបានគ្រូបង្វឹកអង់គ្លេស លោក Gareth Southgate ចុចឈ្មោះចូលជម្រើសជាតិ ដើម្បីទៅប្រទេសអាល្លឹម៉ង់នាខែ ក្រោយឡើយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ខ្សែបម្រើ Sancho ដែលបានជួយ Borussia Dortmund ឡើងផ្តាច់ព្រ័ត្រ UEFA Champions League 2023-2024 ត្រៀមប៉ះ Real Madrid នាដើមខែក្រោយនោះ រួមទាំងមិត្តរួមជាតិ Rashford របស់ក្លិបបិសាចក្រហម Manchester United ពុំមានឈ្មោះក្នុងបញ្ជីបឋម ក្នុងការឆ្ពោះទៅអាល្លឹម៉ង់ ដើម្បីលេងពាន Euro 2024 នាពាក់កណ្តាលខែក្រោយឡើយ ស្របពេលខ្សែប្រយុទ្ធកាំភ្លើងធំ Bukayo Saka ដែលទាត់បាល់ ១១ម៉ែត្រអត់ចូលដូចគ្នានោះ មានឈ្មោះក្នុងចំណោមបញ្ជី ៣៣នាក់។

មិនត្រឹមតែ Sancho និង Rashford ប៉ុណ្ណោះទេដែលអត់ឈ្មោះលេងក្នុងក្រុមតោកំណាចអង់គ្លេសនាពេលនេះ រួមទាំង Jordan Henderson, Ben Chilwell, Ben White, Eric Dier, Reece James, Dominic Solanke និង Raheem Sterling ជាដើម ក៏មិនត្រូវបានកោះហៅដូចគ្នា។

ក្នុងចំណោមបញ្ជីបឋម ៣៣នាក់ លោក Southgate នឹងកាត់ចេញ ៧នាក់ ដោយទុកតែ ២៦នាក់ ក្នុងថ្ងៃប្រកាសបញ្ជីឈ្មោះផ្លូវការចុងក្រោយ ដើម្បីទៅលេងពាន Euro 2024 ដ្បិត ១ប្រកួតបើកឆាករបស់ពួកគេ ត្រូវប៉ះស៊ែប៊ីនាថ្ងៃទី១៦ ខែមិថុនាដែលស្ថិតក្នុងពូល C ជាមួយគ្នា មុនពេលប៉ះដាណឺម៉ាក និងស្លូវេនី បន្តបន្ទាប់នៃវគ្គសន្សំពិន្ទុ ដែលត្រូវលេង ៣ប្រកួត៕