(បរទេស)៖ ខណៈស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple គឺត្រកូល iPhone 16 ត្រៀមបញ្ចេញនាពេលឆាប់ៗខាងមុខ ថ្មីៗនេះមានរបាយការណ៍មួយបន្ថែមទៀតបានបង្ហាញថា iPhone 16 Pro និង iPhone 16 Pro Max នឹងទទួលបានការអាប់ដេតកាមេរ៉ាគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ។ ពោលគឺ Apple នឹងដំឡើងទំហំកាមេរ៉ាគោលនៅលើ iPhone ទំនើបទាំងពីរនេះរហូតដល់ 48-Megapixel ជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយដោយ gadgets360 នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

ប្រភពព័ត៌មានមួយបានបង្ហោះនៅលើបណ្ដាញវេទិកាសង្គមចិន Weibo ថា iPhone 16 Pro Max នឹងបំពាក់ដោយកាមេរ៉ា Sony IMX903 កម្រិតខ្ពស់ទំហំ 48-Megapixel ចំណែកឯ iPhone 16 Pro ត្រូវបានគេនិយាយថា នឹងប្រើប្រាស់កាកាមេរ៉ា Sony IMX803 ទំហំ 48-Megapixel។ ខណៈកាមេរ៉ាដែលប្រើនៅលើ iPhone 16 Pro នេះគឺ ជាកាមេរ៉ាដែលមានស្រាប់នៅលើ iPhone 15 Pro Max។

ទន្ទឹមនឹងនេះទាំង iPhone 16 Pro និង iPhone 16 Pro Max ត្រូវបានគេរំពឹងថា នឹងទទួលបានកាមេរ៉ា Ultra-Wide រហូតដល់ 48-Megapixel ឯណោះ ខណៈដែលនៅលើ iPhone 15 Pro និង iPhone 15 Pro Max មានត្រឹមតែ 12-Megapixel។ ជាងនេះទៅទៀត ប្រភពដដែលបានបន្តអះអាងថា iPhone 16 Pro Max នឹងនៅតែរក្សាកាមេរ៉ា Telephoto (Optical Zoom 5x) ដដែលដូចទៅនឹងជំនាន់មុន ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ iPhone 16 Pro អាចត្រូវបានដំឡើងទៅកាមេរ៉ា Telephoto (Optical Zoom 5x) ផងដែរ៕