(ប៊ូដាផេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានប្រកាសពីការជ្រើសរើសកីឡដ្ឋាន Puskas Arena ដែលស្ថិតក្នុងទីក្រុង Budapest ប្រទេសហុងគ្រី ដើម្បីធ្វើជាទីតាំងប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នាឆ្នាំ២០២៦។ នេះបើយោងតាមការចេញដោយ BBC នៅថ្ងៃនេះ។

ទីតាំងនេះដែរ ក៏ត្រូវបាន UEFA ជ្រើសរើសធ្វើជាទីតាំងប្រកួតផ្តាច់ព្រ័ត្រពានកម្រិតទី២ អឺរ៉ុប Europa League នារដូវកាលមុនមកដែរ។

កីឡដ្ឋាន Puskas Arena ដែលផ្ទុកអ្នកទស្សនាបាន ៧៦,២១៥នាក់ គឺជាកីឡដ្ឋានជាតិរបស់ប្រទេសហុងគ្រី និងធ្លាប់លេង ៤ប្រកួតនៅទីនេះផងដែរកាលពី Euro 2020 មុនយកធ្វើជាទីផ្តាច់ព្រ័ត្រ Europa League រវាង Sevilla និង Roma រដូវកាលឆ្នាំ២០២២-២០២៣។

ពិធីប្រកាសជាផ្លូវការនេះដែរ គឺត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រតិបត្តិរបស់ UEFA នាទីក្រុង Dublin ប្រទេសអៀរឡង់ កាលពីរាត្រីថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤ មុនជំនួបផ្តាច់ព្រ័ត្ររវាង Atalanta និង Bayer Leverkusen ដណ្តើមពាន Europa League 2023-2024 ដ្បិតផ្តាច់ព្រ័ត្រ Champions League 2024 នឹងធ្វើឡើងនៅកីឡដ្ឋានជាតិអង់គ្លេស Wembley រវាង Real Madrid និង Borussia Dortmund នាដើមខែក្រោយ៕