(ឡុងដ៍)៖ Wayne Rooney គ្រោងនឹងជួបពិភាក្សាជាមួយក្លិបលេងក្នុងក្របខណ្ឌទី២ អង់គ្លេស Championship គឺ Pylmouth Argyle ដើម្បីទទួលបានការងារគ្រូបង្វឹកបង្គោលក្នុងក្លិបនេះផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤។

នៅចាំបានថា បុរសវ័យ ៣៨ឆ្នាំរូបនេះបានទំនេរពីការងារ គិតចាប់តាំងពីចែកផ្លូវគ្នាជាមួយ Birmingham City នារដូវកាលមុន ដ្បិតដឹកនាំ ១៥ប្រកួត ចាញ់ដល់ទៅ ៩ដងរួចមក។

ដោយថ្មីៗនេះដែរ Plymouth ក៏បានកំពុងស្វែងរកអ្នកចាត់ការទូទៅថ្មីរបស់ពួកគេផងដែរ ដើម្បីជំនួសកៅអីគ្រូបង្វឹក Ian Foster ក្រោយការចែកផ្លូវគ្នានារដូវកាលឆ្នាំ២០២៣-២០២៤ ដោយមាននាយកកីឡា Neil Dewsnip រួមទាំងលោក Kevin Nancekivell បានដឹកនាំផងដែរ សម្រាប់ការប្រកួតដែលនៅសេសសល់ និងជួយក្លិបនេះមានសុវត្ថិភាពពីតំបន់ កាត់ចោលទៀតផង។

ទន្ទឹមគ្នានោះ លោក Dewsnip ក៏ធ្លាប់មានទំនាក់ទំនងជាមួយ Rooney កាលអំឡុងនៅដឹកនាំក្រុមយុវជន Everton គ្រាដែល Rooney លេងក្នុងក្រុមធំ។ ប្រសិនបើសម្រេចបានកិច្ចសន្យានោះ Rooney នឹងកាន់តួនាទីជាគ្រូបង្វឹកក្នុងក្លិបទី៣ ជាមួយ Plymouth ដែលមានបទពិសោធន៍ដឹកនាំ DC United នៅសហរដ្ឋអាមេរិក និង Birmingham នៅអង់គ្លេស៕