(ឡុងដ៍)៖ តោខៀវ Chelsea បានកំពុងស្វែងរកអ្នកចាត់ការទូទៅថ្មីមកដឹកនាំ ជំនួសកៅអីលោក Mauricio Pochettino ដែលទើបតែបានចាកចេញដោយមានការឯកភាពគ្នាកាលពីថ្ងៃអង្គារដើមសប្តាហ៍ ដោយក្នុងនោះដែរមានដល់ទៅ ៤នាក់សំខាន់ៗដែលត្រូវជ្រើសរើស ១នាក់។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ក្រុមដែលបានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៦ ក្នុងលីគនារដូវកាលនេះ បានទាក់ទងលោក McKenna វ័យ ៣៨ឆ្នាំ ដែលទើបជួយ Ipswich Town ឡើងមកលេងលីគ Premier League នារដូវកាលក្រោយ ប៉ុន្តែត្រូវប្រជែងជាមួយ Brighton ដែលកំពុងខ្វះគ្រូដឹកនាំដូចគ្នា ក្រោយការចាកចេញរបស់លោក Roberto de Zerbi។

ទន្ទឹមគ្នានោះដែរ Chelsea ក៏បានទាក់ទងលោក Maresca វ័យ ៤៤ឆ្នាំ ដែលទើបជួយ Leicester City ឈ្នះជើងឯក Championship រដូវកាលនេះ និងជួយពួកគេឡើងមកលេងនៅ Premier League វិញទៀតផង ដ្បិតកន្លងមកលោក Maresca ក៏ធ្លាប់ធ្វើជាគ្រូជំនួយរបស់លោក Pep Guardiola ក្នុងក្លិបមេឃខៀវ Manchester City ដែរ។

គ្រូបង្វឹកសញ្ជាតិដាណឺម៉ាក វ័យ ៥០ឆ្នាំ Thomas Frank ដែលកំពុងដឹកនាំ Brentford លេងនៅ Premier League ស្រាប់ ក៏ត្រូវបាន Chelsea ពិចារណាយកមកធ្វើការនៅកីឡដ្ឋាន Stamford Bridge ដែរ ក្នុងចំណោមអ្នកចាត់ការទូទៅ ៤រូបចុងក្រោយ រួមទាំងលោក Sebastian Hoeness ដែលកំពុងដឹកនាំក្លិប Stuttgart លេងក្នុងលីគកំពូល Bundesliga របស់អាល្លឹម៉ង់៕