(ភ្នំពេញ)៖ អ្នកច្នៃម៉ូដសម្លៀកបំពាក់ដ៏ល្បី ប្រចាំក្នុងប្រទេសកម្ពុជា អូលីវ៉ា គង់ បានប្រកាសជាចំហថា លោកមិនញញើតក្នុងការនាំយកសម្លៀកបំពាក់ ឬអ្វីដែលជារបស់ខ្មែរទៅបង្ហាញឲ្យពិភពលោក និងអន្តរជាតិបានស្គាល់ ទោះបីជាស្ថិតក្នុងកាលៈទេសៈលំបាក ឬមានការរិះគន់ពីសំណាក់មនុស្សមួយក្រុមតូចយ៉ាងណាក្ដី ពោលគឺមិនមែនជាឧបសគ្គសម្រាប់រូបលោក ក្នុងការសំរេចមហិច្ឆតាមួយនេះបានឡើយ។ ការបញ្ជាក់ពីគោលជំហច្បាស់ៗបែបនេះ គឺបន្ទាប់ពីរូបលោក, ម៉ាដាមដា និងកញ្ញា ទៀន គីមចេង​ បានវិលត្រឡប់មកពីបង្ហាញម៉ូដសម្លៀកបំពាក់ លើកំរាលព្រំពណ៌ក្រហម នាមហោស្រពទីក្រុងកាន ប្រទេសបារាំង នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ។

ក្រោយពេលត្រឡប់មកដល់ទឹកដីកម្ពុជាវិញ ទាំងលោក អូលីវ៉ា គង់ ​និង ម៉ាដាម ដា បានប្រកាសជំហមិនខ្លាចការរិះគន់ពីសំណាក់មាត់ចាបមាត់ព្រាប នៅក្នុងប្រទេសរបស់ខ្លួននោះឡើយ ព្រោះអ្វីដែលពួកគេនាំយកទៅកាន់ឆាកអន្តរជាតិ គឺជាមោទនភាពរបស់ជាតិខ្មែរទាំងមូល និងទទួលបានការលើកទឹកចិត្ត ពីថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល និងទទួលបានការគាំទ្រ ពីសំណាក់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជាមួយគ្នានេះ បរទេសក៏បានស្វាគមន៍យ៉ាងកក់ក្ដៅ និងលើកតម្កើងអ្វីដែលជារបស់ខ្មែរ ដែលយើងទាំងអស់គ្នាបានខិតខំសម្រិតសម្រាំងឡើង ចេញពីបេះដូងពិតៗ។ ទោះបីជាមានការរិះគន់ ពីសំណាក់ជាតិសាសន៍ខ្លួនឯង ប៉ុន្តែមិនអាចក្លាយឧបសគ្គរាំងស្ទះក្នុងការនាំយកវប្បធម៌ និងអរីយធម៌របស់ខ្មែរ ទៅបង្ហាញលើឆាកអន្តរជាតិនោះឡើយ ហើយឱកាសក្រោយៗរូបលោក នឹងធ្វើឲ្យល្អជាងនេះ។

លោក អូលីវ៉ា គង់ បានបន្ថែមឲ្យដឹងទៀតថា នៅក្នុងឱកាសដែលក្រុមរបស់លោក បានបង្ហាញម៉ូដសម្លៀកបំពាក់លើកម្រាលព្រំពណ៌ក្រហម នាមហោស្រពទីក្រុងកាន ប្រទេសបារាំង គឺលោកបានខិតខំច្នៃម៉ូដសម្លៀកបំពាក់ប្រមាណ ១០ឈុត បញ្ជាក់ពីអត្តសញ្ញាណខ្មែរ ហើយទទួលបានការសួរនាំ និងស្វាគមន៍រាក់ទាក់ ពីសំណាក់អ្នកបង្ហាញម៉ូដមកពីបណ្ដាប្រទេសនានា ហើយក៏ទទួលបានការកោតសរសើរថា ខ្មែរពិតជាអស្ចារ្យ ដែលបាននាំយកអត្តសញ្ញាណជាតិរបស់ខ្លួន ទៅលើឆាកអន្តរជាតិ រហូតដល់ថ្នាក់បណ្ដាញព័ត៌មានអន្តរជាតិនានា ក៏ចាប់អារម្មណ៍។

អ្នកច្នៃម៉ូដដ៏ល្បីរូបនេះ បានបន្តថា រាល់ការចំណាយទាំងកម្លាំងកាយចិត្ត និងថវិកា ដើម្បីលើកមុខមាត់ប្រទេសជាតិ គឺលោកពេញចិត្តនឹងធ្វើ ព្រោះឱកាសបែបនេះ គឺគេកម្រនឹងផ្ដល់ឲ្យយើងណាស់ ហើយបើយើងមានឱកាសហើយ ត្រូវតែបញ្ចេញឲ្យអស់កុំខ្លាចការនឿយហត់ ហើយលោកក៏សុំឲ្យមហាជន បើកចិត្តឲ្យទូលាយ កុំប្រៀបធៀបបែបនេះបែបនោះ ហើយជួយលើកស្ទួយវប្បធម៌របស់ខ្មែរ ព្រោះនៅឆ្នាំនេះ គឺប្រទេសកម្ពុជា មានតារាច្រើនគួរសម ដែលបានបង្ហាញខ្លួននៅលើកម្រាលព្រំពណ៌ក្រហម នាមហោស្រពភាពយន្តទីក្រុងកាន។

លោក អូលីវ៉ា គង់ និយាយថា «ខ្ញុំរំភើបចិត្តដែលប្រេនសម្លៀកបំពាក់របស់ខ្មែរយើង ទទួលបានការចាប់អារម្មណ៍។ ពីមុនមិនដែលមានវត្តមានតារាបង្ហាញម៉ូដរបស់ខ្មែររូបណា ទៅកាន់លើឆាកពិភពលោកបែបនេះឡើយ តែឆ្នាំនេះទៅគ្នាច្រើន ដែលជាមុខមាត់ និងកិត្តិយសមួយសម្រាប់ប្រទេសកម្ពុជា។ យើងគួរតែមានមោទនភាពនូវអ្វីដែលយើងមាន ដែលយើងបានបង្ហាញទៅកាន់អន្តរជាតិ ខណៈដែលអ្នកបង្ហាញម៉ូដល្បីៗមកពីបណ្ដាប្រទេសនានាលើពិភពលោក ក៏គេកោតសរសើរខ្មែរយើងផងដែរ..!»

សូមបញ្ជាក់ថា អ្នកច្នៃម៉ូដសម្លៀកបំពាក់ល្បីឈ្មោះ របស់ប្រទេសកម្ពុជា គឺលោក អូលីវ៉ា គង់ បានដឹកនាំអ្នកសិល្បៈល្បីៗជាច្រើនរូប ចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តនាទីក្រុងកាន ប្រទេសបារាំង ហើយបានពាំនាំយកនូវឈុតសម្លៀកបំពាក់ខ្មែរគ្រប់ទម្រង់ គ្រប់សម័យកាល បង្ហាញទៅកាន់ឆាកអន្តរជាតិ ដែលជាមោទនភាពរបស់ប្រទេសកម្ពុជា នៅក្នុងការរំលេចឡើងអំពីប្រពៃណីវប្បធម៌ អរីយធម៌ នៅក្នុងមហោស្រពលំដាប់ពិភពលោកមួយនេះ។

តារាបង្ហាញម៉ូដ និងអ្នកច្នៃម៉ូដល្បីៗដែលបានធ្វើដំណើរទៅកាន់ប្រទេសបានរាំងរួមមានលោក អូលីវ៉ា គង់ អ្នករចនាម៉ូត និងស្ថាបនិកប្រេន Kalkin, ម៉ាដាម ដា អ្នកជំនួញអនឡាញដ៏ល្បីក្នុងស្រុក, លោកស្រី វណ្ណឌី អគ្គនាយិកាក្រុមហ៊ុនផលិត និងលក់គ្រឿងអលង្កា ជាង បាក់ វណ្ណហុង និងកញ្ញា ទៀន គីមចេង តារាម៉ូដែល និងគ្រូបង្វឹកដើរម៉ូត។

កម្មវិធីលំដាប់ពិភពលោកដ៏ធំប្រចាំឆ្នាំ មហោស្រពភាពយន្តទីក្រុងកាន គឺជាព្រឹត្តិការណ៍ប្រមូលផ្តុំដោយតារាល្បីៗជុំវិញពិភពលោក, ជាកន្លែងប្រមូលផ្តុំតារាភាពយន្តគ្រប់ជាតិសាសន៍ និងការចាក់បញ្ចាំងខ្សែភាពយន្ត មកពីគ្រប់ទិសទីក្នុងពិភពលោក។ កម្មវិធីនេះត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍សិល្បៈខ្នាតធំមួយរបស់ពិភពលោក ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ៕