(ម៉ាទ្រីដ)៖ ខ្សែបម្រើក្លិប Real Madrid កីឡាករ Aurelien Tchouameni នឹងខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ដោយសារតែរបួសជើង និងអាចស្ថិតក្នុងមន្ទិលសង្ស័យ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ European Championship ផងដែរ។ នេះបើតាមសម្តីអ្នកចាត់ការក្លិប Real លោក Carlo Ancelotti ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

កីឡាករវ័យ ២៤ឆ្នាំ ដែលធ្លាប់បង្ហាញខ្លួន ៣៨លើក ក្នុងការប្រកួតទាំងអស់សម្រាប់ក្លិបម្ចាស់ពានរង្វាន់ជើងឯកអេស្ប៉ាញ នារដូវកាលនេះនោះ មិនបានចូលលេងនោះទេ ចាប់តាំងពីរបួសបាក់ឆ្អឹងកំភួនជើង អំឡុងពេលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ឈ្នះលើក្លិប Bayern Munich ក្នុងខែនេះ។

Real នឹងប្រកួតទល់ក្លិប Borussia Dortmund ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League នៅកីឡដ្ឋាន Wembley នាថ្ងៃទី០១ ខែមិថុនាខាងមុខ។

«គាត់កំពុងហ្វឹកហាត់ម្នាក់ឯង ប៉ុន្តែមិនទាន់រួចរាល់ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Champions League នោះទេ»។ លោក Ancelotti បានប្រាប់អ្នកសារព័ត៌មាន មុនការប្រកួតចុងក្រោយរបស់ពួកគេក្នុងលីគ La Liga ទល់នឹងក្លិប Real Betis នៅថ្ងៃសៅរ៍នេះ។

លោកបន្ថែមថា «យើងចាំមើលថាតើគាត់នឹងជាសះស្បើយ សមស្របសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ Euros ឬយ៉ាងណា»

គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង លោក Didier Deschamps បានដាក់ឈ្មោះកីឡាករ Tchouameni ក្នុងចំណោមកីឡាករ ២៥នាក់ សម្រាប់ប្រកួតក្នុងព្រឹត្តិការណ៍ European Championship ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនាខាងមុខនៅប្រទេសអាល្លឺម៉ង់៕