(អេស្ប៉ាញ)៖ ក្លិប FC Barcelona បានសម្រេចបណ្តេញលោក Xavi Hernendez ចេញពីតំណែងហើយ ជាមួយនឹងលោក Hansi Flick ជាគោលដៅរបស់ក្លិបជ្រើសមកចូលជំនួសតំណែងនេះ។ នេះបើតាមក្លិបតាមប្រធានក្លិបលោក Joan Laporta បានចេញសេចក្តីប្រកាសនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

លោក Xavi ក៏នៅមានបន្ទុកដឹកនាំក្រុម Barcelona ជាលើកចុងក្រោយនៅថ្ងៃអាទិត្យខាងមុខនេះ នៅពេលដែលពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Sevilla ក្នុងការប្រកួតលីគ La Liga លើកចុងក្រោយរបស់នៃរដូវកាលនេះ ដែលពួកគេកំពុងឈរលេខរៀងទី២ ក្នុងតារាង។

បុរសវ័យ ៤៤ឆ្នាំ Xavi ធ្លាប់បានចុះកិច្ចសន្យារហូតដល់ឆ្នាំ២០២៥ ត្រូវបានផ្តល់ការជូនដំណឹងអំពីនេះ ពីការសម្រេចចិត្តរបស់ក្លិបនៅអំឡុងពេលជួបជាមួយប្រធានក្លឹប Joan Laporta និងនាយកកីឡាលោក Deco កាលពីថ្ងៃសុក្រ ក្រោយពេលមួយខែចាប់តាំងពីត្រូវបានប្រកាសថាគាត់នឹងបន្តនៅក្លិបនេះ។

រំលឹកផងថា ក្នុងរយៈពេលចូលដឹកនាំអតីតក្រុមខ្លួននេះ លោក Xavi បានចេញពីការដឹកនាំក្រុម Al Sadd មកចូលដឹកនាំក្រុម Barcelona យកបានជ័យជម្នះ ៨៩ប្រកួតក្នុងចំណោលការដឹកនាំលេងសរុប ១៤១ប្រកួត នឹងបានឈ្នះពានលីគ La Liga 2022-23 ជាមួយបានរង្វាន់ក្របខណ្ឌអេស្ប៉ាញ Supercopa de Espana នារដូវកាលនោះដូចគ្នា។

ជាមួយគ្នានេះ លោក Hansi Flick ត្រូវបានរបាយការណ៍បង្ហាញថា នឹងត្រូវបានក្លិបប្រកាសចូលកាន់តំណែងនេះនៅសប្តាហ៍ក្រោយ ដែលលោកធ្លាប់មានបទពិសោធដឹកនាំក្រុម Bayern Munich លើកពាន Bundesliga ចំនួន ២រដូវកាល ជាមួយការឈ្នះបាន UEFA Champions League, UEFA Super Cup និង FIFA Club World Cup ខណៈខ្សែប្រយុទ្ធ Robert Lewandowski ដែលទើបសម្រេចបន្តលេងនៅ Barca ក៏ធ្លាប់ស្ថិតក្រោមការបង្វឹករបស់លោកផងដែរ៕