(ភ្នំពេញ)៖ អតីតកីឡាករជម្រើសជាតិកម្ពុជា លោក កែវ សុខផេង បានគាំទ្ររាល់កម្មវិធីបាល់ទាត់កុមារ និងយុវជននានា ដែលជាចំណុចចាប់ផ្ដើមដ៏មានសារៈសំខាន់ នៃការអភិវឌ្ឍវិស័យបាល់ទាត់ជាតិ ជាក់ស្ដែងការបង្កើតនូវកម្មវិធី Junior Cup 2024 របស់សាលាបាល់ទាត់ CJ Coaching គឺជាការរួមចំណែកមួយ ក្នុងការបណ្ដុះធនធានកីឡាករបន្ដវេន សម្រាប់ប្រកួតប្រជែងក្នុងលីគ ក៏ដូចជាក្រុមជម្រើសជាតិនាថ្ងៃអនាគត។

កម្មវិធីបាល់ទាត់សម្រាប់កុមារ រៀបចំដោយសាលាបាល់ទាត់ ដែលមានលោក Colum Curtis អតីតគ្រូបង្វឹកក្រុមវិសាខា ជាស្ថាបនិក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នេះ គឺមានកុមារ និងយុវជនចម្រុះជាតិសាសន៍ប្រមាណជាង ១០០នាក់ មកពីចិន ជប៉ុន អង់គ្លេស បារាំង និងកម្ពុជាជាដើមចូលរួម នៅទីលានឯកជនមួយកន្លែង នៅកោះពេជ្រ ខណៈមានអាណាព្យាបាលជាច្រើន បានសាទរ និងគាំទ្រចំពោះការរៀបចំកម្មវិធីនេះ។

លោក កែវ សុខផេង បានលើកឡើងថា ការរៀបចំកម្មវិធីបែបនេះ ពិតជាល្អ ព្រោះការអភិវឌ្ឍបាល់ទាត់ចាប់ពីកុមារ គឺកាន់តែល្អ។ ខ្ញុំសង្ឃឹមថា មិនថានៅភ្នំពេញ ឬតាមខេត្ត នឹងមានកម្មវិធីបែបនេះកាន់តែច្រើន ព្រោះជាការរួមចំណែកផលិតធនធានយុវជនបានកាន់តែច្រើន សម្រាប់ជាទំពាំងស្នងឬស្សី មិនថាលេងលីគ ឬក្រុមជម្រើសជាតិ ដើម្បីឈាណទៅការប្រកួតប្រជែងថ្មីមួយទៀតក្នុងតំបន់។ ខ្ញុំក៏អរគុណ និងលើកទឹកចិត្តដល់អាណាព្យាបាលទាំងអស់ ក្នុងការជំរុញឲ្យកូនៗចូលលេងកីឡានេះដែរ ពិសេសកីឡាបាល់ទាត់តែម្ដង»។

លោក Colum Curtis បានបញ្ជាក់ថា បេក្ខភាពចូលរួមប្រកួតក្នុងកម្មវិធី Junior Cup 2024 ភាគច្រើនកុមារ និងយុវជន ដែលទទួលបានការបណ្ដុះបណ្ដាលក្នុងសាលារបស់ខ្លួន។ ការរៀបចំនេះដែរ លោកយកគំរូតាមប្រទេសចិន ដោយលោកចង់កៀគរឲ្យមានកុមារ ឬយុវជនជាច្រើន ដែលមិនសូវយល់ដឹងពីបាល់ទាត់ បានជួបជុំគ្នាលេង និងប្រកួតបែបសប្បាយៗ ហើយបណ្ដុះក្ដីស្រលាញ់បាល់ទាត់ដល់ពួកគេ ដើម្បីវិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករអាជីពនាថ្ងៃមុខ។

បុរសមានអាជ្ញាប័ណ្ណគ្រូបង្វឹកបាល់ទាត់កម្រិតខ្ពស់បំផុតពីសមាគមបាល់ទាត់ UEFA ហៅថា UEFA PRO License ដដែលបន្ដថា «ការប្រកួតនេះ គឺរៀបចំឡើងក្នុងគោលបំណង ចង់បង្កើតភាពសប្បាយរីករាយ ក្នុងចំណោមក្មេងៗទាំងអស់ ឲ្យពួកគាត់បានលេងបាល់ បង្កើតមិត្តភាព និងបង្កើតការប្រកួតប្រជែងក្នុងចំណោមក្មេងៗដូចគ្នា ក៏ដូចជាជំរុញការស្រលាញ់ និងលេងបាល់ទាត់ដល់ពួកគាត់ ហើយថ្ងៃអនាគត ពួកគេអាចលេងក្នុងចំណោមក្មេងៗដូចគ្នា ឬអាចអភិវឌ្ឍន៍ទៅជាកីឡាករអាជីពផងដែរ»។

គួរដឹងថា CJ Coaching បានបង្កើតកាលពីឆ្នាំ២០២០ (ផ្អាកមួយរយៈកំឡុងវិបត្តិកូវីដ-១៩) មុនបើកដំណើរការធម្មតាឡើងវិញ ដើម្បីរួមចំណែកចូលរួមអប់រំ និងបំផុសស្មារតីកីឡាដល់កុមារ និងយុវជនពីអាយុ ៤ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ តាមរយៈការហ្វឹកហាត់ជាមួយគ្រូជំនាញកម្រិតខ្ពស់ មកពីតំបន់អឺរ៉ុប ដូចជាស្កុតលេន អង់គ្លេស និងព័រទុយហ្គាល់ជាដើម។ នាពេលខាងមុខ CJ Coaching ក៏មានបំណងបង្កើតកម្មវិធី ដែលក្មេងៗអាចលេងបាល់ទាត់ដោយឥតគិតថ្លៃផងដែរ៕