(ឡុងដ៍)៖ ក្រុមបិសាចក្រហម Manchester United បានគ្រងតំណែងជើងឯកពានលំដាប់ទី២ អង់គ្លេស FA Cup រដូវកាលនេះ ក្រោយផ្តួលគូប្រជែង Manchester City ក្នុងលទ្ធផល ២-១ កាលពីរាត្រីថ្ងៃសៅរ៍ ទី២៥ ខែឧសភា នៃវគ្គផ្តាច់ព្រ័ត្រក្នុងកីឡដ្ឋាន Wembley។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា នេះជាលើកដំបូងសម្រាប់ពួកគេ ក្នុងការឈ្នះពាន FA Cup 2023-2024 គិតចាប់តាំងពីឆ្នាំ២០១៦ ដោយសរុបបាន ១៣លើកផងដែរ និងទទួលបានកៅអី១ ដើម្បីលេងពានអឺរ៉ុប UEFA Europa League នារដូវកាលក្រោយ ដ្បិតពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ ក្នុងលីគ Premier League នៅក្រៅតំបន់កៅអីលេងពានអឺរ៉ុប។

កីឡាករ Alejadro Garnacho និង Kobbie Mainoo បានរួមចំណែករកបានម្នាក់ ១គ្រាប់នៅនាទីចុងម៉ោងនៃវគ្គទី១ ពោលគឺនៅនាទី៣០ និងនាទី៣៩ នៅមុនពេល Phil Foden បានបោះបាល់ឱ្យ Daku រកបាន ១គ្រាប់វាយបកនៅនាទី៨៩ និងអស់ឱកាសទៅហើយ ក្នុងការរកគ្រាប់តាមស្មើវិញ ដ្បិតក្រុមមេឃខៀវ បានឈ្នះក្នុងលទ្ធផលនេះដែរកាលផ្តាច់ព្រ័ត្រឆ្នាំ២០២៣។

តាមរយៈជ័យជម្នះនេះដែរ Man Utd ក៏បានចូលរួមលេងពាន Europa League រដូវកាលក្រោយជាមួយ Tottenham Hotspur ដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៥ ក្នុងលីគ នៅពេល Chelsea ឈរនៅលេខ៦ មានកៅអីលេងពាន UEFA Europa Conference League និង ៤ក្រុមកំពូលរួមមាន Manchester City, Arsenal, Liverpool និង Aston Villa លេងពាន Champions League៕