(បាសេឡូណា)៖ ពេលវេលាដឹកនាំក្លិបអ្នកមានបុណ្យ FC Barcelona របស់លោក Xavi Hernandez បានឈានមកដល់ទីបញ្ចប់ ក្នុងប្រកួតដែលបានយកឈ្នះ Sevilla ២-១ នៅថ្ងៃបិទបញ្ចប់រដូវកាលលីគ La Liga របស់អេស្ប៉ាញនារាត្រីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។

បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា កីឡាករ Fermin Lopez ដែលជាអ្នករកបានគ្រាប់ជ័យជម្នះ ២ទល់នឹង១ នោះបានរត់ទៅឱបគ្រូបង្វឹក Xavi ដែលត្រៀមនឹងចាកចេញពីកីឡដ្ឋាន Camp Nou នាបំណាច់រដូវកាលនេះ។

នេះមានន័យថា Barcelona បានបញ្ចប់ក្នុងតំណែងលេខ២ រកបានជ័យជម្នះ ៤ប្រកួតចុងក្រោយក្នុងលីគ និងចាញ់ប្រៀបក្រុមជើងឯក Real Madrid ១០ពិន្ទុផងដែរ ពីតំណែងកំពូលតារាង La Liga ស្របពេល Sevilla ឈរនៅចំណាត់ថ្នាក់លេខ១៤។

ក្នុងប្រកួត ៩០នាទីពេញនោះដែរ ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Robert Lewandowski ជាអ្នករកបានគ្រាប់បើកឆាកសម្រាប់ក្រុមភ្ញៀវ Barcelona មុនពេល Youssef En-Nesyri រកបានគ្រាប់តាមស្មើ ១-១ វិញឱ្យ Sevilla មុនពេលលទ្ធផលឈ្នះ-ចាញ់ត្រូវបានរកឃើញត្រឹមនាទី៥៩ ដោយកីឡាករ Fermin។

Xavi ដែលធ្លាប់ឈ្នះពានធំ UEFA Champions League ៤លើកជាមួយ Barcelona កាលនៅជាកីឡាករនោះ បានដឹកនាំក្រុមមួយនេះឈ្នះជើងឯក La Liga តែ ១លើកគត់ ក្នុងចំណោមការដឹកនាំ ៥រដូវកាលរបស់លោក៕