(បរទេស)៖ របាយការណ៍ថ្មីមួយពីអ្នកវិភាគដ៏ល្បីលោក Ming-Chi Kuo បានបង្ហាញថា ក្រុមហ៊ុន Apple គ្រោងនឹងដាក់បង្ហាញឧបករណ៍កូនកាត់ដែលអាចបត់បានចំនួនពីរនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ខាងមុខ ជាមួយនឹងតម្លៃប៉ានស្មានប្រហាក់ប្រហែលនឹង ៣,៤៩៩ដុល្លារ ដូចទៅនឹងវែនតា Vision Pro។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

យោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះ បានអះអាងថាឧបករណ៍កូនកាត់អេក្រង់បត់របស់ Apple និងស្ថិតនៅក្នុងម៉ូដែលថេប្លេត។ ឧបករណ៍ទាំងនេះ នឹងមានទំហំអេក្រង់ ២០.២៥អ៊ីង និង ១៨.៨អ៊ីងនៅពេលមិនទាន់បត់ ហើយ ១៤-១៥អ៊ីង និង ១៣-១៤ អ៊ីងនៅពេលបត់រៀងគ្នា។

តាមរយៈការរកឃើញខ្សែសង្វាក់ផ្គត់ផ្គង់បង្ហាញថា LG នឹងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់តែមួយគត់នៃបន្ទះអេក្រង់ដែលអាចបត់បានទាំងពីរនេះ ហើយត្រូវបានគេរំពឹងថា នឹងមិនមានស្នាមផ្នត់អេក្រង់ដូចទៅនឹងស្មាតហ្វូនអេក្រង់បត់ពីក្រុមផ្សេងៗនោះទេ។ ដោយឡែកចំពោះតម្លៃអេក្រង់នោះវិញ ក៏អាចនឹងមានតម្លៃខ្ពស់ផងដែល ចន្លោះពី ៦០០ ទៅ ៦៥០ដុល្លារសម្រាប់អេក្រង់មួយបន្ទះ និងរួមបញ្ចូល ២០០ ទៅ ២៥០ដុល្លារបន្ថែមទៀត សម្រាប់ Hinge (ហ៊ីង) ដែលជាគន្លាក់សម្រាប់កាច់បត់អេក្រង់។

គួរជម្រាបថា ថេប្លេតបត់ទាំងពីរនេះ នឹងដំណើរការដោយបន្ទះឈីប M5 ជាបន្ទះឈីបផលិតដោយ Apple ផ្ទាល់ ហើយនៅពេលបង្ហាញរូបរាងជាផ្លូវការលោក Ming-Chi Kuo បានព្យារករណ៍ថា នឹងទទូលបានការបញ្ជាទិញច្រើនជាងវែនតា Vision Pro អាចឈានដល់ចំនួន ១លានគ្រឿងឯណោះ៕