(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តកំកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជួបសំណេះសំណាលជាមួយក្រុមកីឡាបាល់ទះ នៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដែលទទួលជ័យលាភីលេខ១ ក្នុងការប្រកួតដណ្តើមពាន់ង្វាន់ថ្នាក់ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសឆ្នាំ២០២៤ ក្រោមប្រធានបទ «កីឡាឌីជីថលគឺជាអនាគតរបស់យុវជន»

ក្នុងឱកាសនោះលោក ម៉ន ញូដាលី សកលវិទ្យាធិការរង នៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន និងជាប្រធានប្រតិភូដឹកនាំក្រុមកីឡាបាល់ទះ បានរាយការណ៍ជូន លោកអភិបាលខេត្ត ស្តីពីការចូលរួមការប្រកួត កីឡាថ្នាក់ឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសឆ្នាំ២០២៤ ក្រោមប្រធានបទ កីឡាឌីជីថលគឺជាអនាគតរបស់យុវជន និងបានលើកឡើងពីលទ្ធផលដែលឈានដល់ការទទួលបានចំណាត់ថ្នាក់លេខ១ មេដាយ មាស១៥ គ្រឿងលើវិញ្ញាសារបាល់ទះ។

ឆ្លៀតឱកាសនោះលោក អ៊ុន ចាន់ដា បានផ្តល់នូវអនុសាសន៍ល្អៗ បន្ថែមទៀតជូនដល់ក្រុមថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករធ្វើយ៉ាងណាពង្រឹងបន្ថែមនូវសមត្ថភាព នឹងចេះសាមគ្គីគ្នា លះបង់ និងមានឆន្ទះចូលរួមការប្រកួតឲ្យបានខ្លាំងក្លាថែមទៀត។

លោកអភិបាលខេត្ត ក៏បានជំរុញលើកទឹកចិត្តបន្ថែមដល់ក្រុមកីឡាបាល់ទះនៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ឲ្យចូលរួមគ្រប់សកម្មភាពប្រកួតកីឡាដណ្តើមពាន់រង្វាន់ផ្សេងៗ និងលើកស្ទួយវិស័យកីឡា។ ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានផ្តល់ថវិកាលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះនេះ ចំនួន២លានរៀលផងដែរ៕