(សឹង្ហបុរី)៖ សារជាថ្មីម្តងទៀត ដែលតារាសម្តែងឆ្នើមលំដាប់ប្រទេស កញ្ញា ស៊ីន យូប៊ីន ទទួលកិត្តិយសឡើងទទួលពានរង្វាន់ «Inspirational Women  Hall of Fame» ពីកម្មវិធី HOFS AWARDS 2024 (Hall of Fame in Singapore 2024) ដែលប្រារព្ធឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសសឹង្ហបុរី។

ក្នុងនាមជាសិល្បករខ្មែរ ស៊ីន យូប៊ីន តែងខ្លួនយ៉ាងសុភាពរមទម្យហើយថ្លៃថ្នូរ ក្នុងរាត្រីឡើងទទួលពានរង្វាន់អន្តរជាតិនេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ យូប៊ីន បានលើកឡើង ២ចំណុចធំៗលើវេទិកាប្រកាសពានរង្វាន់ HOFS AWARDS 2024 ជាវេទិកាដែលពោរពេញដោយសិល្បករ-សិល្បការនីល្បីៗមានស្នាដៃក្នុងអាជីពការងារ រួមទាំងអ្នកធុរកិច្ចល្បីៗមកពីបណ្តាប្រទេសផ្សេងៗជាច្រើនទៀត។

លើកនេះសិល្បការិនីឆ្នើមរបស់កម្ពុជា ស៊ីន យូប៊ីន បានថ្លែងអំណរគុណដល់ក្រុមអ្នកស្អប់នាងទាំងឡាយ ដែលជំរុញឱ្យនាងទទួលបានភាពជោគជ័យនាពេលនេះ។ រាល់ទង្វើ និងមតិរិះគន់អ្នករាល់គ្នា ជាជំហានឆ្ពោះទៅរកភាពជោគជ័យរបស់ យូប៊ីន ដូច្នេះនាងគ្មានអ្វីក្រៅពីពាក្យថា អរគុណទៅដល់ក្រុមអ្នកស្អប់ (hater) ដែលបានធ្វើជាកម្លាំងជំរុញចិត្តឱ្យនាងទទួលបានភាពជោគជ័យ។

ជាសិល្បការិនីពោរពេញដោយសមត្ថភាព ទេពកោសល្យ យូប៊ីន បានប្រើប្រាស់ឥទ្ធិពលនៃវេទិកា «HOFS AWARDS 2024» ប្រកាសប្រាប់អ្នកធុរកិច្ចល្បីៗមកពីបណ្តាប្រទេសជុំវិញពិភពលោក កុំឱ្យមើលរំលងក្នុងការបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។

ស៊ីន យូប៊ីន បាននិយាយជាភាសាអង់គ្លេសថា «allow me to take this opportunity to invite all of you, as well as investors from around the world. 
If you want to expand your business, do not overlook Cambodia.why ?
Because we are a small but potential country with the big heart and Under the good supervision of our government, the country has made progress very quickly.
We are never afraid to continue our step in any situation, that's why we have a word that we often use in cambodia is : ខ្មែរធ្វើបាន its mean "Cambodia can do it. This is point to ensure that invest in cambodia is only resulted in win-win.
so please don't forget to put Cambodia in your list. thank you.»។​

ដោយប្រែសម្រួលជាខេមរៈភាសាថា «បើលោកអ្នកចង់ពង្រីកមុខជំនួញសូមកុំមើលរំលងប្រទេសកម្ពុជា ហេតុអ្វី? ព្រោះបើទោះកម្ពុជាជាប្រទេសតូច តែយើងជាប្រទេសដែលមានសក្កានុពល និងមានបេះដូងធំ ហើយស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកដដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យើងបង្កើតបានសមិទ្ធផលដ៏ល្អក្នុងពេលដ៏ឆាប់រហ័ស។ កម្ពុជាយើងមិនដែលខ្លាចក្នុងការចូលរួមក្នុងការបោះជំហានទៅមុខមិនថាស្ថិតក្នុងស្ថានភាពណាមួយឡើយ ដូច្នេះហើយទើបយើងបង្កើតឱ្យមានពាក្យស្លោកមួយថា «ខ្មែរធ្វើបាន» ជាចំណុចដែលធានាថា ការវិនិយោគនៅកម្ពុជាពិតជាទទួលបានលទ្ធផលឈ្នះ-ឈ្នះជាក់ជាមិនខាន»

សូមជម្រាបថា នេះមិនមែនលើកដំបូងទេ ដែលតារាសម្តែងឆ្នើម ស៊ីន យូប៊ីន ទទួលបានពានរង្វាន់ពីកម្មវិធី «HOFS AWARDS 2024» ព្រោះតារាស្រីរូបនេះធ្លាប់ទទួលបានពានរង្វាន់នេះម្តងហើយ កាលពីឆ្នាំ២០២៣ កន្លងទៅ។
គេនៅចាំថា កាលឆ្នាំ២០២៣ យូប៊ីន បានប្រើប្រាស់សម្លេងរបស់នាងផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជា ដោយបានលើកឡើងពីតំបន់ទេសចរណ៍ ភាពរស់រាយរាក់ទាក់របស់ប្រទេសជនកម្ពុជា និងបានជំរុញលើកទឹកចិត្តភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជាឱ្យបានហោចណាស់ម្តងក្នុងជីវិត។ គ្រប់គ្នានឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យជាមួយសិល្បៈ វប្បធម៌ អរិយធម៌ដ៏រស់រវើករបស់ខ្មែរ នោះលោកអ្នកនឹងបានដឹងថា ប្រទេសកម្ពុជា គឺពិតជាអស្ចារ្យ លើសពីអ្វីដែលអ្នកធ្លាប់បានដឹងនិងធ្លាប់បានឮ។

មិនទាន់អស់នៅឡើយទេ កន្លងមក កញ្ញា ស៊ីន យូប៊ីន តែងធ្វើឱ្យបេះដូងប្រជាជនកម្ពុជារំភើប និងមានមោទនភាពខ្លាំង តាមរយៈការបង្ហាញវត្តមានក្នុងកម្មវិធីលំដាប់អន្តរជាតិ ជាមួយការរំលេចទម្រង់សិល្បៈបុរាណ អត្ថសញ្ញាណជាតិ លើឈុតសម្លៀកបំពាក់ និងគ្រឿងអលង្ការលម្អលើរូបរាងកាយជាដើម ដែលសុទ្ធសឹងបង្ហាញពីភាពជាខ្មែរទៅកាន់ពិភពលោក។

ហេតុដូច្នេះហើយទើប កញ្ញា ស៊ីន យូប៊ីន ឈរនៅលេខរៀងទី១ ក្នុងដួងចិត្តប្រជាជនកម្ពុជា ជាតារាស្រីដែលឆ្លៀតផ្សព្វផ្សាយពីកម្ពុជា នៅគ្រប់ទីកន្លែងដែលនាងបានទៅដល់ ជាពិសេសគឺនៅលើឆាកអន្តរជាតិធំៗ៕