(ឡុងដ៍)៖ អ្នកចាត់ការទូទៅ Aston Villa លោក Unai Emery បានចុះកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំបន្ថែមទៀតជាមួយក្លិប បន្ទាប់ពីបានដឹកនាំមានកៅអីលេងក្នុងព្រឹត្តិការណ៍ UEFA Champions League នារដូវកាលក្រោយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៨​ ខែឧសភា ឆ្នាំ២០២៤។

បុរសវ័យ ៥២ឆ្នាំ សញ្ជាតិអេស្ប៉ាញរូបនេះបានដឹកនាំ Villa បានយ៉ាងល្អ ចាប់តាំងពីបានផ្លាស់មកពីក្លិប Villarreal កាលពីខែតុលា ឆ្នាំ២០២២ ដោយពេលនោះ ក្លិបកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៧ ក្នុងតារាង Premier League ផងដែរ។

លោកបានដឹកនាំ Aston Villa ឡើងទៅកាន់ចំណាត់ថ្នាក់ទី៧ ក្នុងរដូវកាលដំបូងនៃការដឹកនាំរបស់លោក និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ ក្នុងរដូវកាលនេះដែរ។

«ខ្ញុំពិតជារីករាយក្នុងការជ្រើសយកជំហាននេះ និងទទួលខុសត្រូវក្នុងការដឹកនាំក្លិបនេះ»។ លោក Emery បានលើកឡើង ខណៈកិច្ចសន្យាចាស់មានស្រាប់របស់លោក នៅមានសុពលភាពរយៈពេល ៣ឆ្នាំទៀត។

អតីតអ្នកចាត់ការក្លិប Sevilla និងក្លិប Arsenal លោក Emery ក៏បានដឹកនាំក្លិប Villa ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa Conference League ក្នុងរដូវកាលនេះផងដែរ ដែលជាលើកដំបូង ក្នុងយុទ្ធនាការ European របស់ពួកគេ ក្នុងរយៈពេល ១៣ឆ្នាំ៕