(បាសេឡូណា)៖ អ្នកចាត់ការក្លិប FC Barcelona ដែលត្រូវបានបណ្តេញចេញពីតំណែង លោក Xavi Hernandez បានលើកឡើងថា អ្នកស្នងតំណែងពីលោក នឹងជួបការលំបាកក្នុងការកាន់តួនាទីនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៤៤ឆ្នាំ ត្រូវបានបណ្តេញចេញពីតំណែង មុនពេលទទួលបន្ទុកដឹកនាំការប្រកួតចុងក្រោយរបស់ពួកគេរដូវកាលនេះ ដោយបានឈ្នះ ២-១ លើគូប្រជែង Sevilla។

អតីតអ្នកចាត់ការក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្លិប Bayern Munich លោក Hansi Flick គ្រោងនឹងជំនួសតំណែងរបស់លោក Xavi។

លោក Xavi ថា «ផ្ញើទៅកាន់អ្នកចាត់ការថ្មី ខ្ញុំប្រាប់អ្នក។ អ្នកនឹងរងទុក្ខលំបាក។ វាគឺជាទីកន្លែងដ៏ស្មុគស្មាញ។ វាគឺជាការងារដ៏លំបាក ហើយអ្នកនឹងត្រូវអត់ធ្មត់ខ្ពស់ផងដែរ»

​អតីតខ្សែបម្រើអេស្ប៉ាញ លោក Xavi បានចូលកាន់តួនាទីជាគ្រូបង្គោល Barcelona ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ និងបានឈ្នះពានរង្វាន់ La Liga និងពាន Spanish Super Cup ក្នុងពេញ ១រដូវកាលដំបូងនៃការដឹកនាំរបស់លោក។

ក្នុងរដូវកាលនេះ Barca បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ នៅលីគ La Liga​ ដាច់ចំនួន ១០ពិន្ទុតាមពីក្រោយក្លិបម្ចាស់ពានរង្វាន់ជើងឯក Real Madrid៕