(បរទេស)៖ កំពូលមហាសេដ្ឋីលោក Elon Musk បានប្រកាសបង្ហាញថាលោក បានរៃអង្គាសប្រាក់បានចំនួន ៦ពាន់លានដុល្លារនៅក្នុងការផ្តល់មូលនិធិជុំ B សម្រាប់ក្រុមហ៊ុន AI Startup របស់ខ្លួនដែលមានឈ្មោះថា xAI។ វគ្គផ្តល់មូលនិធិនេះ ត្រូវបានដឹកនាំដោយក្រុមហ៊ុនបណ្តាក់ទុនដ៏លេចធ្លោរួមមាន Andreessen Horowitz និង Sequoia Capital រួមជាមួយនឹងវិនិយោគិនដ៏លេចធ្លោផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយ Yahoo Finance នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

មូលនិធិនេះ នឹងអនុញ្ញាតឱ្យ xAI ពន្លឿនកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ខ្លួន ដោយសារវាមានគោលបំណងក្លាយជាអ្នកលេងដ៏សំខាន់នៅក្នុងវិស័យដែលវិវត្តន៍យ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត។ ជាងនេះទៅទៀត xAI គ្រោងនឹងប្រើប្រាស់មូលនិធិទាំងនេះ ដើម្បីនាំយកផលិតផលដំបូងរបស់ខ្លួនទៅទីផ្សារ កសាងហេដ្ឋារចនាសម្ព័ន្ធទំនើប និងពន្លឿនការអភិវឌ្ឍន៍បច្ចេកវិទ្យានាពេលអនាគត។

xAI គឺជាក្រុមហ៊ុនថ្មីដែលត្រូវបានបង្កើតឡើងដោយកំពូលមហាសេដ្ឋីលោក Elon Musk ប្រហែលមួយឆ្នាំមុន ហើយបច្ចុប្បន្ននេះកំពុងពង្រីកខ្លួន និងស្វែងរកការប្រកួតប្រជែងជាមួយនឹង OpenAI។ ចាប់តាំងពីក្រុមហ៊ុននេះ បង្ហាញខ្លូនជាសាធារណៈឃើញថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងប្រភពបើកចំហនៃ chatbot ដ៏ល្បីរបស់ខ្លួនគឺ Grok ដែលអនុញ្ញាតឱ្យអតិថិជន X Premium+ អាចចូលប្រើបានដោយឥតគិតថ្លៃ។

គួរជម្រាបថា ការបញ្ចប់ដោយជោគជ័យនៃជុំមូលនិធិចំនួន ៦ពាន់លានដុល្លារនឹងផ្តល់តម្លៃ xAI លើសពី ២៤ពាន់លានដុល្លារ ជាមួយនឹងការវាយតម្លៃពីមុនមានចំនួន ១៨ពាន់លានដុល្លារ។ ការវិនិយោគនេះ គូសបញ្ជាក់ពីការកើនឡើងនៃការទទួលស្គាល់សក្តានុពលរបស់ xAI និងទំនុកចិត្តរបស់វិនិយោគិនដ៏រឹងមាំនៅក្នុងចក្ខុវិស័យសម្រាប់ក្រុមហ៊ុនដែលបានបង្កើតឡើងដោយ Elon Musk ៕