(ប៊ែកឡាំង)៖ តាមរយៈជ័យជម្នះរបស់អាល្លឺម៉ង់ លើក្រុមបារាំង និងហូឡង់កាលពីខែមីនា បានបង្ហាញថា ក្រុមម្ចាស់ផ្ទះព្រឹត្តិការណ៍ Euro 2024 មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដណ្តើមបានពានរង្វាន់នេះ។ នេះបើតាមសម្តីនាយកផ្នែកបាល់ទាត់អាល្លឺម៉ង់ លោក Rudi Voller ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

នៅពេលបោះជំរំហ្វឹកហាត់រយៈពេលខ្លីនៅរដ្ឋ Thuringia មុនពេលផ្លាស់ទៅកាន់ជំរំមូលដ្ឋាន សម្រាប់ការប្រកួត Euro 2024 របស់ពួកគេនៅរដ្ឋ Bavaria នាសប្តាហ៍ក្រោយនោះ លោក Voller បានប្រាប់ក្នុងសន្និសីទសារព័ត៌មានថា អាល្លឺម៉ង់បានបង្ហាញសញ្ញានៃការអភិវឌ្ឍពិតប្រាកដនាពេលនេះ។

«ពេលវេលាសំខាន់ក្នុងការអភិវឌ្ឍរបស់យើង គឺការប្រកួត ២លើកចុងក្រោយ (មិត្តភាព) កាលពីខែមីនា។ យើងបានដឹងថា បន្ទាប់ពីរយៈពេល ៣ខែកន្លះ ស្ថិតក្រោមការដឹកនាំរបស់លោក Nagelsmann យើងមានជ័យជម្នះដ៏គួរឱ្យជឿជាក់ចំនួន២ និងបានធ្វើឱ្យយើងមានសុទិដ្ឋិនិយមកាន់តែខ្លាំង»។ លោក Voller បានលើកឡើង។

ម្ចាស់ពានរង្វាន់ជើងឯក European ចំនួន ៣លើកនេះបានបរាជ័យ ក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិនានាចាប់តាំងពីការឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ២០១៤ របស់ពួកគេនៅប្រទេសប្រេស៊ីលរួចមក។

អាល្លឺម៉ង់ បានធ្លាក់ចេញពីការប្រកួតជុំដំបូងនៃព្រឹត្តិការណ៍ World Cup ចំនួន ២លើកចុងក្រោយ និងមិនបានឆ្លងផុតវគ្គ ១៦ក្រុមឡើយក្នុងព្រឹត្តិការណ៍ European Championship ចុងក្រោយ ដែលបានធ្វើឡើងក្នុងឆ្នាំ២០២១។

អាល្លឺម៉ង់ ដែលនឹងប្រកួតបើកព្រឹត្តិការណ៍ចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនាទល់នឹងក្រុមស្កុតឡេននោះ ក៏នឹងត្រូវប៉ះហុងគ្រី និងស្វីស ក្នុងពូល A ផងដែរ។

ពួកគេនឹងមានការប្រកួតមិត្តភាពចំនួន២ មុនព្រឹត្តិការណ៍ជើងឯកអឺរ៉ុបមកដល់ គឺការប្រកួតទល់នឹងក្រុមអ៊ុយក្រែន នៅថ្ងៃទី០៣ ខែមិថុនា និងក្រិក នៅ៤ថ្ងៃបន្ទាប់នៃខែដដែល៕