(រីយ៉ាដ)៖ Cristiano Ronaldo បានបង្កើតកំណត់ត្រាថ្មីមួយទៀតក្នុងលីគកំពូលនៅអាស៊ី ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈរកបានច្រើនគ្រាប់ក្នុង ១រដូវកាលនៅ Pro League។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ វ័យ ៣៩ឆ្នាំរូបនេះរកបាន ២គ្រាប់ផងដែរក្នុងជ័យជម្នះ ៤-២ របស់ក្រុម Al-Nasr ទៅលើគូប្រជែង Al-Ittihad ដែលធ្វើឱ្យ Ronaldo កើនដល់ទៅ ៣៥គ្រាប់សរុប វ៉ាកំណត់ត្រារបស់ Abderrazak Hamdallah ដែលស៊ុតបាន ៣៤គ្រាប់នារដូវកាលឆ្នាំ២០១៨-២០១៩។

តាមរយៈជ័យជម្នះនេះដែរមានន័យថា Al-Nasr បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ក្នុងលីគ Pro League ២រដូវកាលជាប់ៗគ្នា ដាច់ ១៤ពិន្ទុពីក្រុមជើងឯក Al-Hilal ប៉ុន្តែនាំមុខក្រុមលេខ៣ Al-Ahli ដល់ទៅ ១៧ពិន្ទុឯណោះ។

គិតមកទល់ពេលនេះផងដែរ Ronaldo រកបាន ៦៤គ្រាប់សរុបពីការចូលលេង ៦៩ប្រកួតគ្រប់កម្មវិធីរបស់ Al-Nasr គិតចាប់តាំងពីផ្ទេរមកពី Manchester United ដោយគ្មានតម្លៃខ្លួនកាលឆ្នាំ២០២៣។ ក្នុងអាជីពបាល់ទាត់ ២២ឆ្នាំមកនេះ រូបគេរកបាន ៧៦៥គ្រាប់ពីក្នុងក្លិប Sporting Lisbon, Manchester United, Real Madrid និង Juventus ទៀត។

បើនិយាយជាមួយជម្រើសជាតិបច្ចខែលព័រទុយហ្គាល់វិញ Ronaldo ក៏រកបាន ១២៨គ្រាប់ច្រើនជាងគេផងដែរ ពីការចូលលេងបាន ២០៦ប្រកួត ដែលពុំទាន់ចូលនិវត្តន៍នៅឡើយទេ៕