(ម៉ាឌ្រីដ)៖ សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានបង្ហាញបញ្ជីឈ្មោះបឋម ចំពោះកីឡាករនានាដែលត្រៀមលេងពានអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់នាខែក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

កីឡាករសរុបដែលមានដល់ទៅ ២៩នាក់ និងត្រៀមជម្រុះចេញ ៣នាក់ផងនោះ គឺភាគច្រើនជ្រើសរើសចេញពីក្លិបលេងក្នុងលីគកំពូល La Liga បច្ចុប្បន្ន រួមទាំងមកពីលីគ Premier League របស់អង់គ្លេស, Bundesliga របស់អាល្លឺម៉ង់ និង Pro League លីគរបស់អារ៉ាប៊ីសាអូឌីតទៀតផង។

គោជល់អេស្ប៉ាញ ដែលធ្លាប់គ្រងតំណែងជើងឯកពានរង្វាន់អឺរ៉ុប European Championship បាន ៣ដងច្រើនជាងគេស្មើនឹងម្ចាស់ផ្ទះអាល្លឺម៉ង់ផងនោះ គឺត្រូវលេង ១ប្រកួតដំបូងរបស់ពួកគេនៅ Euro លើកទី១៧ នេះទល់នឹងជម្រើសជាតិក្រូអាតនាថ្ងៃទី១៥ ខែមិថុនា ក្នុងកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Berlin ប្រទេសអាល្លឺម៉ង់។

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង ២៩នាក់ ដែលគ្រូបង្វឹក លោក De la Fuente កោះហៅមកពីក្លិបនានា៖

- កីឡាករចាំទី៖ Alex Remiro, David Raya និង Unai Simon។
- ខ្សែការពារ៖ Aymeric Laporte, Robin Le Normand, Alex Grimaldo, Dani Carvajal, Dani Vivian, Jesus Navas, Nacho, Cucarella និង Pau Cubarsi។
- ខ្សែបម្រើ៖ Mikel Merino, Fabian Ruiz, Alex Baena, Martin Zubimendi, Rodrigo, Llorente, Pedri, Garcia និង Fermin។
- ប្រយុទ្ធ៖ Alvaro Morata, Dani Olmo, Joselu, Lamine Yamal, Mikel Oyarzabal, Ayoze Perez, Ferran Torres និង Williams JR៕