(ភ្នំពេញ)៖ ទីបំផុតក្លិបបាល់ទាត់ខេត្តព្រៃវែង បានប្រកាសរំសាយក្លិបជាផ្លូវការហើយ ក្រោយបញ្ចប់ការប្រកួតលីគកំពូលកម្ពុជា (CPL) និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣/២២៤ ។ យោងតាមកសេចក្ដីជូនដំណឹងរបស់ក្លិប នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ បញ្ហាហិរញ្ញវត្ថុ គឺជាមូលហេតុច្បង ដែលនាំឲ្យក្លិបមានមូលដ្ឋាននៅខេត្តព្រៃវែងមួយនេះ ត្រូវរំសាយ ។

ប្រភពដដែលបានបញ្ជាក់ថា «ដោយពិនិត្យលទ្ធភាពធនធានសម្រាប់ទ្រទ្រង់ដំណើរការសកម្មភាពបន្ដទៀត មានកម្រិតទាបជាងតម្រូវការចាំបាច់ ហេតុនេះក្លិបបានសម្រេចដោយបានជ្រើសយក បញ្ឈប់ការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនានា និងឈប់ធ្វើប្រតិបត្តិការទាំងស្រុង ព្រមទាំងបានដាក់ពាក្យសុំចាកចេញពីសមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាប់ពីពេលនេះតទៅ ពោលគឺរំសាយក្លិបតែម្ដង»

គួរដឹងថា ក្លិបបាល់ទាត់ខេត្តព្រៃវែង បនាបង្កើតកាលពីឆ្នាំ២០២០ ហើយបានវិវឌ្ឍន៍ខ្លួនគួរឲ្យកត់សម្គាល់ តាមរយៈការដណ្ដើមបានលទ្ធផលដ៏ល្អប្រសើរមួយ ដូចជាការការគ្រងជើងឯកលីគទី២ និងដណ្ដើមបានចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ មុនឡើងមកកាន់លីគកំពូលកម្ពុជា ឆ្នាំ២០២៣/២៤ ដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ បន្ទាប់ពីឆ្លងកាត់ ២៧ប្រកួតឈ្នះ៦ ស្មើ៥ និងចាញ់ ១៦ ។

ការប្រកាសរំសាយនេះ បានធ្វើឲ្យអ្នកស្នេហា និងគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា មានការសោកស្ដាយជាខ្លាំង ដ្បិតទោះបីក្លិបបាល់ទាត់ខេត្តព្រៃវែង ទើបបង្កើតមែន តែពួកគេបានព្យាយាម និងខិតខំអភិវឌ្ឍន៍ខ្លួន ទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អប្រសើរ រហូតទទួលបានអាជ្ញាប័ណ្ណក្លិបពី AFC ទៀតផង ។ អ្វីដែលពិសេស គឺក្លិបបានផ្ដល់ឱកាស និងអភិវឌ្ឍន៍កីឡាករវ័យក្មេង ដែលការរួមចំណែកមួយដ៏ធំ សម្រាប់ធនធានកីឡាករជម្រើសជាតិកម្ពុជានាពេលកន្លងមក ។

គួរដឹងថា ក្លិបបាល់ទាត់ខេត្តព្រៃវែង គឺជាក្លិបអាជីពទី៨ ដែលបានប្រកាសរំសាយ គិតត្រឹមឆ្នាំ២០២៤ បន្ទាប់ពីក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត, ក្លិបបាល់ទាត់ខេត្តបន្ទាយមានជ័យ, ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា, ក្លិបបាល់ទាត់ខេត្តកោះកុង, ក្លិបបាល់ទាត់ខេត្តត្បូងឃ្មុំ, ក្លិបបាល់ទាត់សូលទីឡូអង្គរ និងក្លិបបាល់ទាត់អង្គរស៊ីធី ដែលបានប្រកាសរំសាយ ក្រោមមូលហេតុស្រដៀងគ្នា ជាបន្ដបន្ទាប់ កាលពីពេលកន្លងមក ៕