(ឡុងដ៏)៖ ក្លិប Chelsea ត្រូវបានរបាយការណ៍ពី BBC ឱ្យដឹងថា បានកំពុងតែមានការពិភាក្សាមួយ ដើម្បីសម្រេចនៅការតែងតាំងអ្នកចាត់ការទូទៅរបស់ក្លិប Leicester City បច្ចុប្បន្នលោក Enzo Maresca ជាអ្នកជំនួសលោក Mauricio Pochettino ដែលបានសម្រេចលើកិច្ចព្រមព្រៀងក្នុងការចាកចេញ។

បុរសសញ្ជាតិអ៊ីតាលី មានវ័យ ៤៤ឆ្នាំបានចូលដឹកនាំក្រុម Leicester City កាលពីខែមិថុនា ឆ្នាំ២០២៣ ហើយបានដឹកនាំពួកគេត្រឡប់ទៅលេងក្នុងលីគកំពូលអង់គ្លេស Premier League នៅរដូវកាលក្រោយវិញ ជាមួយការឈ្នះជើងឯកនៅលីគទី២ អង់គ្លេស Championship រដូវកាលនេះ។

របាយការណ៍បន្តឱ្យដឹងដែរថា លោក Maresca ក៏មានការចាប់អារម្មណ៍ក្នុងការផ្លាស់ទៅ Chelsea ជាមួយនឹងការពិភាក្សាបន្តរវាងក្លឹបទាំងពីរក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីអ្នកចាត់ការទូទៅរបស់ក្លិប Ipswich Town គឺលោក Kieran McKenna បានធ្លាក់ចេញពីការចាប់អារម្មណ៍លើតួនាទីនេះ។

ជាមួយគ្នានោះ មត្តិភាគច្រើនក្នុងក្លិបបានមានការយល់ថា លោក Maresca គឺជាជម្រើសដ៏ត្រឹមត្រូវ ខណៈដែលលោក Roberto de Zerbi នឹងលោក Thomas Frank ក៏មិនទាន់ច្រានចោលទាំងស្រុងនោះទេ។

រំលឹកផងថា លោក Pochettino បានចាកចេញដោយមានការយល់ព្រមទៅវិញទៅមកជាមួយក្លិប ក្នុងខែឧសភានេះ បន្ទាប់ពីបានដឹកនាំក្រុមបញ្ចប់នៅចំណាត់ថ្នាក់លេខ៦ ក្នុងក្របខ័ណ្ឌលីគកំពូល Premier League 2023-24 ក្នុងការដឹកនាំមួយរដូវកាលរបស់គាត់ ដែលក្លិបក៏មានកៅអីលេងពានទី៣ អឺរ៉ុប UEFA Conference League រដូវកាលក្រោយ។

បញ្ជាក់ផងថា លោក Enzo Maresca មានបទពិសោធធ្វើជាគ្រូបង្វឹក ទើបបាន ៣ក្លិប ក្នុងនោះទេ ដោយមានការដឹកនាំក្រុមយុវជន Manchester City EDS នឹងក្លាយជាគ្រូបង្វឹកពេញសិទ្ធនៅក្លិប Parma ស្ថិតក្នុងលីគអ៉ីតាលី ជាមួយបន្តភាពជោគជ័យនៅក្លិប Leicester City ជាមួយការដឹកនាំក្រុមកញ្ជ្រោងខៀវ រកបានលទ្ធផលឈ្នះ ៣៦ប្រកួត ពីចំណោម ៥៣ប្រកួត ៕