(បរទេស)៖ ប្រទេសចិនបានបង្កើតមូលនិធិវិនិយោគមួយដែលគាំទ្រដោយរដ្ឋ ជាគម្រោងទី៣របស់ខ្លួន ដើម្បីជំរុញឧស្សាហកម្មផលិតផលពាក់កណ្តាលសម្រេច (semiconductor) ជាមួយនឹងដើមទុនចុះបញ្ជីចំនួន ៣៤៤ពាន់លានយន់ (៤៧.៥ ពាន់លានដុល្លារ)។ នេះបើយោងតាមឯកសារចុះបញ្ជីក្រុមហ៊ុន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

ប្រធានាធិបតីចិនលោក Xi Jinping បានសង្កត់ធ្ងន់លើតម្រូវការរបស់ប្រទេសចិន ដើម្បីសម្រេចឲ្យបាននូវការផលិតផលិតផលពាក្យកណ្តាលសម្រេច (semiconductors) ជារបស់ខ្លួនឯង ។ តម្រូវការនេះបានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ចេញនូវវិធានការត្រួតពិនិត្យការនាំចេញជាបន្តបន្ទាប់នូវបន្ទះឈីប និងផលិតផលបច្ចេកវិទ្យានានា ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ដោយលើកឡើងពីការភ័យខ្លាចថា ទីក្រុងប៉េកាំងអាចប្រើប្រាស់បន្ទះឈីបកម្រិតខ្ពស់ ដើម្បីបង្កើនសមត្ថភាពយោធារបស់ខ្លួន។

យ៉ាងមិញ នៅក្នុងដំណាក់កាលទី៣ នៃមូលនិធិវិនិយោគលើឧស្សាហកម្មនេះ ប្រទេសចិនត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៤ ខែឧសភា ហើយបានចុះបញ្ជីនៅក្រោមរដ្ឋបាលទីក្រុងប៉េកាំង សម្រាប់បទប្បញ្ញត្តិទីផ្សារនានា។ ដំណាក់កាលទី៣នៃគម្រោងនេះ នឹងក្លាយជាមូលនិធិដ៏ធំបំផុតក្នុងចំណោមមូលនិធិទាំង៣ ដែលត្រូវបានដាក់ឱ្យដំណើរការ ដោយមូលនិធិវិនិយោគឧស្សាហកម្មសៀគ្វីរួមបញ្ចូលគ្នា របស់ប្រទេសចិន ដែលត្រូវបានគេស្គាល់ថាជា «មូលនិធិដ៏ធំ» ។ ជុំវិញព័ត៌មាននេះ ក្រសួងហិរញ្ញវត្ថុចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ។

គួរជម្រាបថា ដំណាក់កាលទី១នៃមូលនិធិវិនិយោគនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ជាមួយនឹងដើមទុនចុះបញ្ជីចំនួន ១៣៨.៧ពាន់លានយន់ ហើយដំណាក់កាលទី២ ក្នុងឆ្នាំ២០១៩ ជាមួយនឹងទឹកប្រាក់ ២០៤ពាន់លានយន់។ មូលនិធិដ៏ធំនេះ បានផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតពីររបស់ប្រទេសចិនគឺក្រុមហ៊ុន Semiconductor Manufacturing International និងក្រុមហ៊ុន Hua Hong Semiconductor ក៏ដូចជាក្រុមហ៊ុន Yangtze Memory Technologies ដែលជា ក្រុមហ៊ុនផលិត Flash Memory និងក្រុមហ៊ុនតូចៗមួយចំនួនទៀត៕