(មេនឆេស្ទើ)៖ ខ្សែប្រយុទ្ធ Anthony Martial ប្រកាសចាកចេញពីក្លិបបិសាចក្រហម Manchester United ជាផ្លូវការ នៅពេលផុតសុពលភាពកិច្ចសន្យានារដូវកាលឆ្នាំ២០២៣-២០២៤ នេះ បន្ទាប់ពីចំណាយពេលលេងនៅកីឡដ្ឋាន Old Trafford អស់ ៩រដូវកាលមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

បញ្ហាញាំញីដោយរបួស បានជំរុញកីឡាករអន្តរជាតិបារាំងរូបនេះ ពុំសូវបានបង្ហាញខ្លួនជាប់លាប់ឡើយក្នុងក្លិប Man Utd ក្នុងនាមជាកីឡាករយុវជនមានតម្លៃខ្លួនថ្លៃជាងគេលើលោកកាលពីទិញពីក្លិប Monaco របស់បារាំងនាអំឡុងឆ្នាំ២០១៥ ក្នុងតម្លៃ ៣៦លានអឺរ៉ូ។

Martial វ័យ ២៨ឆ្នាំ រកបាន ៩០គ្រាប់ពីការបង្ហាញខ្លួនសរុប ៣១៧ប្រកួតជាមួយ United និងបានលេងលើកចុងក្រោយ ពេលបិសាចក្រហមចាញ់ ៣-០ ក្រោមថ្វីជើងរបស់ AFC Bournemouth នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ក្រោយវះកាត់ក្រលៀនកាលខែមករារួចមក។

ជាមួយនឹងការចាកចេញនេះដែរ Martial បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមថា «វាគឺជាពេលវេលាដ៏ស័ក្តិសមបំផុតដែលខ្ញុំបានសរសេរសារទៅកាន់អ្នករាល់គ្នាថា លាហើយ។ ពេលវេលា ៩ឆ្នាំនៅក្លិបនេះ វាដល់ពេលសម្រាប់ខ្ញុំដែលត្រូវបើកទំព័រថ្មីក្នុងអាជីពរបស់ខ្ញុំជាបន្តទៀត»៕