(សៀមរាប)៖ សិក្ខាកាមជំនាន់ទី២ចំនួន២០នាក់ជាមន្ត្រី-បុគ្គលិករបស់អាជ្ញាធរជាតិអប្សរា ដែលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញផ្នែកអភិរក្សថ្មប្រាសាទ ពេលនេះបានឈានមកដល់វគ្គផលិតកំបោរបាយអ ដើម្បីជួសជុលពង្រឹងថ្មប្រាសាទ និងចុះអនុវត្តផ្ទាល់នៅប្រាសាទបន្ទាយសម្រែ។

កញ្ញា Helen JACOBSEN អ្នកជំនាញអភិរក្ស និងជាគ្រូបង្គោលអភិរក្សថ្ម បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលដែលមានចំនួន១៣វគ្គនោះបានឈានដល់វគ្គ១០ហើយ និងនៅសល់តែ២វគ្គទៀត ហើយនឹងមានការប្រលងបញ្ចប់នៅវគ្គ១៣។ ក្នុងវគ្គ១០នេះ សិក្ខាកាមសិក្សាពីទ្រឹស្តី និងការប្រើប្រាស់បាយអ។

កញ្ញា Helen បានបន្ថែមថា ដំបូងគឺឱ្យសិក្ខាកាមស្គាល់ពីអ្វីជាបាយអកំបោរ អ្វីជាបាយអកំបោរសើម បាយអស៊ីម៉ង់ត៍ កាវញីឈ្មោល Epoxy សម្រាប់តភ្ជាប់ថ្ម និងថ្នាំ Ethyl Silicate សម្រាប់លាយជាមួយបាយអ។ បន្ទាប់មកតម្រូវឱ្យសិក្ខាកាមចុះអនុវត្តផ្ទាល់ជាមួយថ្មប្រាសាទដែលរងការខូចខាត ពុកផុយ ស្នាមប្រេះ ការព្យាបាល ការការពារជម្រាបទឹក និងបច្ចេកទេសប្រើបាយអតាមស្ថានភាពខុសៗគ្នាពីកន្លែងមួយទៅកន្លែមួយក្នុងការងារជួសជុលអភិរក្ស។

បន្ទាប់ពីសិក្ខាកាមបានសិក្សាទ្រឹស្តី និងអនុវត្តនៅក្នុងការដ្ឋានដោយផ្ទាល់ សិក្ខាកាមទាំងអស់ទទួលបានចំណេះដឹងកាន់តែទូលំទូលាយ និងអាចផលិតបាយអសម្រាប់ជួសជុល ពង្រឹងថ្មដោយមានជំនាញច្បាស់លាស់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការអភិរក្សថ្មប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់ ដែលចាប់ផ្ដើមតាំងពីពាក់កណ្តាលឆ្នាំ២០២២មក៕