(ភ្នំពេញ)៖ លោក Andrea Bocelli អ្នកចម្រៀងលំដាប់ពិភពលោក សញ្ជាតិអ៊ីតាលី គ្រោងមកប្រគំតន្ត្រីនៅកម្ពុជា នៅឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់លោក រ័ត្ន សណ្តាប់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២៩២៤។

នេះគឺជាការបើកទ្វារឱ្យពិភពលោក កាន់តែបានស្គាល់ពីកម្ពុជា ដែលជាប្រទេសមានសន្តិភាព ដូចតារាចម្រៀងលំដាប់ពិភពលោក Taylor Swift ទៅច្រៀងនៅសិង្ហបុរីដែរ។ បុគ្គលកំពូល ដូចជាលោក Andrea Bocelli មកច្រៀងនៅកម្ពុជា ក៏ជារឿងកម្រផងដែរ ខណៈប្រទេសនានាលើពិភពលោក​ សុទ្ធតែចង់បានគាត់ និងអ្នកល្បីដទៃទៀត ទៅច្រៀងក្នុងប្រទេសរបស់ពួកគេ។

លោក រ័ត្ន សណ្តាប់ បានឱ្យដឹងថា ក្រុមការងាររបស់លោក Andrea Bocelli នឹងមកមើលកន្លែងរៀបចំការប្រគំតន្ត្រី នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។ ក្រុមការងារ ក៏គ្រោងនឹងចូលជួបរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៣ និងទី៤ មុននឹងចាកចេញទៅវិញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។

សូមជម្រាបថា លោក Andrea Bocelli កើតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៥៨ នៅជិតក្រុងភីសា (Pisa) ប្រទេសអ៊ីតាលី។ គាត់មានឈ្មោះបោះសំឡេង ដោយសារសមត្ថភាពពិសេស ក្នុងសិល្បៈតន្ត្រីបញ្ចូលគ្នារវាងអូប៉េរ៉ា (Opera) និងតន្ត្រីប្រជាប្រិយ (Pop music)។

កាលពីក្មេង លោក Andrea Bocelli មានជំងឺដក់ទឹក្នុងភ្នែកពីកំណើត។ គាត់បានចាប់ផ្តើមរៀនព្យាណូ នៅអាយុ ៦ឆ្នាំ ហើយក្រោយមកលេងខ្លុយ និង Saxophone ។ នៅអាយុ ១២ឆ្នាំ គាត់បានពិការភ្នែកទាំងស្រុង បន្ទាប់ពីរងនូវជំងឺដាច់សរសៃឈាមខួរក្បាល ដែលបណ្តាលមកពីគ្រោះថ្នាក់ដោយសារលេងបាល់ទាត់។

ទោះបីជាពិការភ្នែក លោក Andrea Bocelli បានសិក្សាច្បាប់នៅសាកលវិទ្យាល័យភីសា (University of Pisa) ខណៈកំពុងច្រៀងនៅបារព្យាណូ និងក្លឹបកម្សាន្តរាត្រី ដើម្បីផ្គត់ផ្គង់ការសិក្សា។ បន្ទាប់ពីទទួលបានសញ្ញាបត្រ គាត់បានធ្វើជាមេធាវី តែងតាំងដោយរដ្ឋអស់រយៈពេល ១ឆ្នាំ មុននឹងសម្រេចចិត្តប្រកបអាជីពតន្ត្រី និងសិក្សាសំឡេងជាមួយលោក Franco Corelli ៕