(អឺរ៉ុប)៖ ការប្រកួតដណ្តើមពានរង្វាន់ជើងឯកបាល់ទាត់តំបន់អឺរ៉ុប UEFA Euro 2024 លើកទី១៧ ដែលមានប្រទេសអាល្លឺម៉ង់ ធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ជាមួយនឹង ២៤ក្រុមចូលរួម។

សូមរំលឹកផងថា នេះជាការប្រកួតប្រជែងដណ្តើមពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស តំបន់អឺរ៉ុប ដែលបានចាប់ផ្តើមដំបូងកាលឆ្នាំ១៩៦០ ហើយមានតែក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈការប្រកួតដែលមានដល់ ២៤ក្រុមនេះ គឺត្រូវបានស្ថាប័នគ្រប់បាល់ទាត់ UEFA សម្រេចឱ្យមានតាំងពីឆ្នាំ២០១៦ ដែលពេលនោះ ជម្រើសជាតិព័រទុយហ្គាល់ ឈ្នះជើងឯក ។

ម្ចាស់ផ្ទះអាល្លឺម៉ង់ គឺស្ថិតក្នុងពូល A រួមជាមួយក្រុមហុងគ្រី, ស្វីស និងស្កុតឡេន ហើយជំនួបបើកព្រឹត្តិការណ៍ត្រូវប៉ះក្រុមស្កុតឡេន ដែលរៀបចំឡើងក្នុងកីឡដ្ឋាន Allianz Arena ៕