(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google កំពុងបញ្ឈប់បុគ្គលិកប្រមាណ ១០០នាក់ពីផ្នែកជាច្រើននៅក្នុងអង្គភាព Cloud របស់ខ្លួន ដោយក្នុងនោះត្រូវបានគេមើលឃើញថា តួនាទីដែលរងផលប៉ះពាល់មានវិសាលភាពលើផ្នែកដូចជា ការលក់ ប្រតិបត្តិការ វិស្វកម្ម ប្រឹក្សាយោបល់ និងយុទ្ធសាស្រ្តទីផ្សារជាដើម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។

អ្នកនាំពាក្យ Google បាននិយាយថា «យើងបន្តវិវឌ្ឍអាជីវកម្មរបស់យើង ដើម្បីបំពេញតាមអាទិភាពរបស់អតិថិជនរបស់យើង និងឱកាសដ៏សំខាន់នាពេលខាងមុខ។ យើងរក្សាការប្តេជ្ញាចិត្តរបស់យើងក្នុងការវិនិយោគលើផ្នែកដែលមានសារៈសំខាន់សម្រាប់អាជីវកម្មរបស់យើង និងធានានូវភាពជោគជ័យរយៈពេលវែងរបស់យើង»

អាជីវកម្ម Cloud របស់ Google គឺជាផ្នែកមួយក្នុងចំណោមផ្នែកដែលរីកចម្រើនបំផុតរបស់ក្រុមហ៊ុន ជាមួយនឹងប្រាក់ចំណូលប្រតិបត្តិការកើនឡើងបួនដងក្នុងត្រីមាសចុងក្រោយនេះ រហូតដល់ ៩០០លានដុល្លារ។ តែយ៉ាងណាក៏ដោយ អាជីវកម្ម Cloud នេះនៅតែប្រឈមមុខនឹងសម្ពាធដើម្បីរក្សាកំណើន និងការច្នៃប្រឌិតនៅក្នុងទីផ្សារ AI ដ៏ប្រកួតប្រជែង។

គួរជម្រាបថា ការបញ្ឈប់បុគ្គលិកជុំនេះ ធ្វើឡើងបន្ទាប់ពីការបញ្ឈប់ការងារមុនដោយ Google ក្នុងខែមេសា និងខែមករា ជាកន្លែងដែលក្រុមហ៊ុនបានបណ្តេញបុគ្គលិកក្នុងចំនួនដ៏ច្រើន ប៉ុន្តែមិនត្រូវបានបង្ហាញចំនួនជាក់លាក់នោះទេ ហើយនេះក៏ជាផ្នែកនៃវិធានការកាត់បន្ថយការចំណាយរបស់ខ្លួនផងដែរ៕