(ភ្នំពេញ)៖ កីឡាករ វង្ស គឹមហួត និងកីឡាករ ហេង បញ្ញា បានឈ្នះពានរង្វាន់ជូនមាតុភូមិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road នៅខេត្តត្រាត ប្រទេសថៃ ក្នុងចំណោមរថយន្តខ្លាំងៗសរុប២៨គ្រឿងចូលរួម។

កីឡាករ វង្ស គឹមហួត ដែលជាអ្នកបើកបរពោរពេញដោយបទពិសោធន៍របស់កម្ពុជា បានឱ្យដឹងថា ការប្រណាំងនេះពិតជាពិបាក ធ្វើឱ្យកីឡាករប្រណាំងជាច្រើនបោះបង់ការប្រកួត ព្រោះភ្លៀងខ្លាំងធ្វើឱ្យស្ថានភាពផ្លូវមានលេចទឹក ភក់ជ្រៅៗ ដីល្បាប់ និងគ្រលុកជ្រៅៗ ទើបគណៈកម្មការសម្រេចកាត់២ដំណាក់កាលចេញប្រកួតតែ៦ដំណាក់កាលប៉ុណ្ណោះ ទើបធ្វើឱ្យការប្រកួតអូសបន្លាយពេលវេលារហូតដល់ម៉ោង១រំលងអាធ្រាត រីឯពិធីចែកពានវិញដល់ម៉ោង២អាធ្រាតទើបបញ្ចប់។

កីឡាករ វង្ស គឹមហួត សង្កត់ធ្ងន់ថា ជោគជ័យនេះ ជាកត្តាមួយដ៏ល្អសម្រាប់ជំរុញសមត្ថភាពក្រុមការងារទាំងអស់ឱ្យកាន់តែស្ទាត់ជំនាញច្បាស់លាស់ ដើម្បីពង្រឹងអ្វីដែលខ្វះខាត ជាពិសេសក៏ជាឱកាសសាកល្បងរថយន្តប្រណាំងឱ្យខ្លាំង និងរួចរាល់ត្រៀមការប្រណាំងលើកក្រោយទៀត ដូចជា ការប្រណាំងនៅខេត្តកញ្ចនបុរី និងខេត្តត្រាងផងដែរ។

កីឡាករ វង្ស គឹមហួត បានបញ្ជាក់ថា ជ័យជម្នះនេះ គឺមានចំណែកចូលរួមយ៉ាងច្រើនពីក្រុមការងារបច្ចេកទេស និងការដឹកនាំផ្ទាល់ពីលោក ឈិន ឈុំសីហា ប្រធានក្រុម ជាពិសេសការគាំទ្រលើកទឹកចិត្តផ្ទាល់ពីលោក ទៀ ស្យាម លោក ទៀ សុខា និងក្រុមមហាគ្រួសាររថយន្ត Off-Road រួមទាំងក្រុមហ៊ុន Top 1 ដែលជាដៃគូសហការឧបត្ថម្ភ និងក្រុមហ៊ុនផ្សេងៗ ទើបធ្វើឱ្យលោកទទួលបានលទ្ធផលល្អបែបនេះ។

សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងរថយន្ត Off-Road នៅខេត្តត្រាត ប្រទេសថៃ ប្រព្រឹត្តទៅនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងនោះមានរថយន្តសរុបចំនួន៨២គ្រឿង សម្រាប់ Class កម្ពុជាចូលរួម មានរថយន្ត២៨គ្រឿងសិតជាជើងខ្លាំង។ កម្ពុជាបានបញ្ជូនរថយន្តសរុប៨គ្រឿង រថយន្តប្រណាំង២គ្រឿង និងរថយន្តក្រុមការងារ៦គ្រឿង ដឹកនាំដោយលោក ឈិន ឈុំសីហា។ ជាលទ្ធផល រថយន្តប្រណាំង VKH Team មានកីឡាករ វង្ស គឹមហួត និង ហេង បញ្ញា ទទួលបានចំណាត់ថ្នាក់លេខ១ រីឯកីឡាករ ព្រំ រស្មី និង លាភ ហេង មិនទទួលបានចំណាត់ថ្នាក់ទេ ដោយសារបញ្ហាគ្រឿងម៉ាស៊ីន៕