(បរទេស)៖ ក្រុមហ៊ុន Intel បានចាប់ផ្តើមដំណើរការឈីបសម្រាប់ម៉ាស៊ីនមេជំនាន់ក្រោយរបស់ខ្លួនមានឈ្មោះថា Xeon នៅថ្ងៃអង្គារសប្តាហ៍នេះ ដែលត្រូវបានគេមើលឃើញថា ដើម្បីដណ្តើមចំណែកទីផ្សារមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួនមកវិញ។ ក្រៅពីនេះ Intel ក៏បានបង្ហាញបន្ទះឈីប Gaudi 3 របស់ខ្លួន ថានឹងមានតម្លៃទាបជាងបន្ទះឈីបរបស់គូប្រជែងផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។

បន្ទះឈីប Xeon ជំនាន់ទីប្រាំមួយ គឺមានសារៈសំខាន់ណាស់ សម្រាប់ Intel ដើម្បីយកចំណែកទីផ្សារមកវិញ ខណៈកន្លងទៅត្រូវបានបាត់បង់ជាលំដាប់ និងបានទៅលើ AMD ។ ចំណែកទីផ្សាររបស់ Intel នៃទីផ្សារមជ្ឈមណ្ឌលទិន្នន័យសម្រាប់បន្ទះឈីប x86 បានធ្លាក់ចុះ ៥.៦ ភាគរយកាលពីឆ្នាំមុនមកត្រឹម ៧៦.៤% ដោយ AMD ឥឡូវនេះកាន់កាប់ ២៣.៦%។ នេះបើយោងតាមទិន្នន័យពី Mercury Research ។

ថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មាន តំណាងក្រុមហ៊ុន Intel បាននិយាយថា ឧបករណ៍បង្កើនល្បឿន Gaudi 3 ដែលរួមបញ្ចូលបន្ទះឈីប AI ចំនួនប្រាំបី លក់ក្នុងតម្លៃប្រហែល ១២៥,០០០ដុល្លារ ហើយ Gaudi 2 ជំនាន់មុនមានតម្លៃក្នុងបញ្ជី ៦៥,០០០ដុល្លារ។ គេនៅចាំបានថា ក្រុមហ៊ុន Intel បានបង្ហាញព័ត៌មានលម្អិតនៃបន្ទះឈីប Gaudi 3 AI នៅក្នុងខែមេសាកន្លងទៅនេះ ហើយបានកំណត់ថាវា ជាជម្រើសដែលមានតម្លៃថោកជាង និងអាចដំណើរការបាន បើប្រៀបធៀបនឹងបន្ទះឈីប H100 របស់ Nvidia៕