(ភ្នំពេញ)៖ សហព័ន្ធកីឡាប៊ូលីងកម្ពុជា បានរៀបចំការប្រកួកីឡាប៊ូលីងលក្ខណៈសប្បុរសធម៌មួយ ដើម្បីស្វែងរកការគាំទ្រជាសម្ភារ និងថវិកា សម្រាប់ជួយឧបត្ថម្ភគាំទ្រដល់កីឡាករ-កីឡាការិនីប៊ូលីងពិការកម្ពុជា ដែលកំពុងប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតអន្ដរជាតិ Cambodia Open Para Bowling Championships 2024 នាចុងខែមិថុនានេះ ។

លោក ឆាយ កៀក អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ការប្រកួតសប្បុរសធម៌នេះ រៀបចំឡើង កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានការចូលរួមពីក្រុមហ៊ុនដៃគូមួយចំនួន ដើម្បីកៀគរថវិកាជួយដល់អត្តពលិកជនពិការ ក៏ដូចជាលើកទឹកចិត្ត និងជំរុញការហ្វឹកហាត់ពួកគេឲ្យកាន់តែប្រសើរ មុនព្រឹត្តិការណ៍ Cambodia Open Para Bowling Championships 2024 មកដល់ នាថ្ងៃទី២១-២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានប្រូប៊ូលស្ព័រ នៃខាលែនឌែលម៉ល រាជធានីភ្នំពេញ ។

យ៉ាងណាមិញ ដើម្បីបង្ហាញពីការចែករំលែកនូវសេចក្ដីស្រលាញ់ និងគាំទ្រដល់អត្តពលិកជនពិការកម្ពុជា ក្រៅពីការចូលរួមរបស់ធនាគារ និងក្រុមហ៊ុនមួយចំនួន អគ្គលេខាធិការសហព័ន្ធខាងលើ បានអំពាវនាវដល់វិស័យឯកជនផ្សេងៗទៀត ជួយឧត្ថម្ភជាសម្ភារ និងថវិកា ដើម្បីទទួលបានថវិកាកាន់តែច្រើន ក្នុងការជួយដល់អត្តពលិកពិការកម្ពុជា ដើម្បីធានាឲ្យដំណើរការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងនាពេលឆាប់ៗខាងមុខ កាន់តែទទួលបានជោគជ័យបន្ថែមទៀត ។

គួរដឹងថា ព្រឹត្តិការណ៍ Cambodia Open Para Bowling Championships 2024 រៀបចំឡើង ក្នុងគោលបំណង ដើម្បីផ្តល់ឱកាស និងលើកស្ទួយដល់កីឡាករ-កីឡាការិនីពិការមកពីបណ្តាប្រទេសនានា ពិសេសកីឡាករ-កីឡាការិនីពិការកម្ពុជា បានចូលរួមប្រកួតបង្ហាញពីសមត្ថភាព និងលើកទឹកចិត្តដល់ពួកគាត់ឲ្យមានក្តីសង្ឃឹមក្នុងជីវិត ក៏ដូចជាបានចូលរួមក្នុងសង្គមជាតិផងដែរ។ បើទោះបីជាពួកគេមានពិការភាពក្តី តែក៏អាចចូលរួមលេងកីឡាលើឆាកជាតិ និងអន្តរជាតិបានដែរ ។

សូមបញ្ជាក់ថា ដើម្បីត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះការប្រកួតអន្ដរជាតិ ដែលគ្រោងនឹងមានអត្តពលិក ៩ប្រទេសចូលរួមនេះ សហព័ន្ធបានរៀបចំ និងប្រមូលផ្ដុំហ្វឹកហាត់កីឡាករ-កីឡាការិនីពិការកម្ពុជា ២០នាក់ ដើម្បីចម្រាញ់យកកីឡាករ-កីឡាការិនីឆ្នើមចន្លោះពី ៨ ទៅ ១០នាក់ ចូលរួមការប្រកួតជាមួយក្រុមភ្ញៀវ ដែលមកពីសាធារណរដ្ឋកូរ៉េ, ហុងកុង-សៀងហៃ នៃប្រទេសចិន, ជប៉ុន, សាធារណរដ្ឋឆេក, ហ្វីលីពីន, ថៃ, ឥណ្ឌា និងម៉ាឡេស៊ី ៕