(ភ្នំពេញ)៖ ឆ្នាំ២០២៤ នេះ គឺជាលើកទី២ហើយដែលធនាគារ វីង និងក្រុមហ៊ុន City Express ចូលរួមគាំទ្រពិព័រណ៍កម្ពុជា នៅក្នុងប្រទេសជប៉ុន ដោយបានបង្ហាញពីការយកចិត្តទុកដាក់របស់ភាគីទាំងពីរក្នុងការចូលរួមពង្រឹងចំណងទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងកម្ពុជា-ជប៉ុន។

ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន City Express Money Transfer បានបន្តការគាំទ្រកម្មវិធី ពិព័រណ៍កម្ពុជា នៅក្នុងប្រទេសជប៉ុន រយៈពេល២ឆ្នាំជាប់ៗគ្នា ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងវប្បធម៌រវាងកម្ពុជា និងជប៉ុន។

ពិព័រណ៍កម្ពុជាឆ្នាំនេះត្រូវបានសហការរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍កម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ នៅឧទ្យាន Yoyogi។

លោក ឈុន វឌ្ឍនភក្តី អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ «ក្នុងឱកាសនៃការរៀបចំបង្ហាញពីមរតកវប្បធម៌ដ៏ផូរផង់របស់កម្ពុជា នៅក្នុងកម្មវិធីពិព័រណ៍កម្ពុជា ធនាគារ វីង ពិតជាមានកិត្តិយសដែលបានរួមចំណែកក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងសង្គម រវាងប្រទេសទាំងពីរ»

ព្រឹត្តិការណ៍នេះ ទទួលបានអ្នកចូលរួមប្រមាណ ៨០.០០០ នាក់ ដែលរាប់បញ្ចូលទាំងភ្ញៀវបរទេស និងជនជាតិខ្មែរ ដោយបានចូលរួមទស្សនាការតាំងបង្ហាញផលិតផល ម្ហូបអាហារ និងការបង្ហាញផ្សព្វផ្សាយពីសិល្ប:វប្បធម៌ប្រពៃណី តាមរយៈការសម្តែងសិល្បៈដោយក្រុមសម្តែងរបាំកុមារា និងកុមារីខ្មែរនៅជប៉ុន ដែលបង្ហាញពីភាពដ៏ប៉ិនប្រសព្វរបស់ពួកគេក្នុងការសម្តែងរបាំត្រុដិជាដើម។ បន្ថែមពីនេះ ក៏មានការសម្តែងតន្រ្តីសម័យ ការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរសម្តែងដោយក្រុមសមាគមនិស្សិតខ្មែររៀននៅជប៉ុន និងការសម្តែងក្បាច់គុនខ្មែរផងដែរ។

ធនាគារ វីង និងក្រុមហ៊ុន City Express នៅតែបន្តយកចិត្តទុកដាក់ឥតងាករេចំពោះសហគមន៍កម្ពុជារស់នៅក្នុងប្រទេសជប៉ុន។ ភាគីទាំងពីរប្តេជ្ញាជួយសម្រួល និងគាំទ្រដល់ទំនាក់ទំនងសេដ្ឋកិច្ច និងសង្គម រវាងកម្ពុជា និងជប៉ុនឱ្យកាន់តែប្រសើរបន្ថែមទៀត ក៏ដូចជាផ្តល់ជូនអ្នកប្រើប្រាស់នូវសេវាកម្មហិរញ្ញវត្ថុដែលមានភាពងាយស្រួល និងសុវត្ថិភាព ហើយអាចទុកចិត្តបាន។

លោក ឈុន វឌ្ឍនភក្តី បានបន្ថែមថា៖ «បេសកកម្មរបស់យើងគឺដើម្បីពង្រឹងចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាជួយដល់ពលរដ្ឋកម្ពុជារស់នៅក្នុងប្រទេសជប៉ុន ដោយធ្វើឲ្យប្រាកដថាលុយរបស់ពួកគេដែលរកបានទាំងលំបាក អាចផ្ញើទៅដល់ដៃគ្រួសារប្រកបដោយសុវត្ថិភាព ហើយចំណាយថ្លៃសេវាអស់តិច ដើម្បីជួយផ្គត់ផ្គង់មនុស្សជាទីស្រលាញ់របស់ពួកគេ ក៏ដូចជាលើកកម្ពស់សហគមន៍កម្ពុជាឱ្យបានកាន់តែប្រសើរបន្ថែមទៀត»

ស្របពេលដែលទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងវប្បធម៌រវាងប្រទេសទាំងពីរមានការរីកចម្រើន ព្រឹត្តិការណ៍នេះគឺជាការអបអរសាទរនៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរផងដែរ។

យោងតាមតួលេខផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញថាប្រជាជនកម្ពុជាប្រហែល ៣០.០០០នាក់ កំពុងធ្វើការ និងរស់នៅប្រទេសជប៉ុនគិតត្រឹមខែធ្នូ ឆ្នាំ ២០២៣។ ចំនួននេះ រំពឹងថានឹងមានការកើនឡើងបន្ថែមទៀតនាពេលខាងមុខ ដោយសារដ្ឋាភិបាលកម្ពុជាគ្រោងបញ្ចូនពលករខ្មែរប្រមាណ ៨.០០០ នាក់បន្ថែមទៀតនៅក្នុងឆ្នាំ២០២៤នេះ។

ដើម្បីជួយសម្រួលដល់សហគមន៍កម្ពុជានៅប្រទេសជប៉ុន ធនាគារ វីង បានសហការជាមួយក្រុមហ៊ុន City Express ដើម្បីផ្តល់នូវជម្រើសផ្ទេរប្រាក់កាន់តែច្រើនពីប្រទេសជប៉ុនមកកម្ពុជា ដែលធានាបាននូវការផ្ញើប្រាក់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេនៅឯស្រុកកំណើតប្រកបដោយងាយស្រួល សុវត្ថិភាព និងមានតម្លៃសេវាសមរម្យ។

ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុនអាចធ្វើការផ្ទេរប្រាក់បានយ៉ាងងាយស្រួលដោយគ្រាន់តែទៅកាន់សាខា ឬបញ្ជរណាមួយដែលជាដៃគូរបស់ធនាគារ វីង ហើយបន្ទាប់មកជ្រើសរើសជម្រើសនៃការផ្ទេរប្រាក់។ អតិថិជន អាចធ្វើការផ្ទេរប្រាក់ ដោយផ្ញើចូលក្នុងគណនីធនាគារ វីង របស់សមាជិកគ្រួសាររបស់ពួកគេនៅស្រុកកំណើត ដោយផ្ទាល់ ហើយអាចពិនិត្យទឹកប្រាក់នោះបានភ្លាមៗតាមអេប Wing Bank នៅលើស្មាតហ្វូន។

ម្យ៉ាងវិញទៀត អតិថិជនអាចផ្ញើប្រាក់មកសមាជិកគ្រួសារតាមរយៈការដកសាច់ប្រាក់ ដែលមធ្យោបាយនេះ សមាជិកគ្រួសារ នៅស្រុកកំណើតនឹងទទួលបានលេខកូដសម្ងាត់ ៨ខ្ទង់ ហើយអាចប្រើប្រាស់លេខកូដនោះ ដើម្បីដកសាច់ប្រាក់ជារៀល ឬដុល្លារ ជាមួយបណ្តាញភ្នាក់ងារធនាគារ វីង ដែលនៅជិតផ្ទះ ។

ក្រុមហ៊ុន City Express ផ្តល់នូវមធ្យោបាយងាយស្រួលផ្ញើប្រាក់តាមម៉ាស៊ីន ATM របស់ Japan Post Bank ជាង ៣០.០០០ កន្លែង និងបញ្ជរចំនួន ២៥ កន្លែងនៅទូទាំងប្រទេសជប៉ុន។ លើសពីនេះ អតិថិជនអាចប្រើប្រាស់ City Express ដើម្បីផ្ញើប្រាក់រហូតដល់ទៅ ២៥០.០០០ យ៉េន ទៅកាន់គណនីធនាគារ វីង ឬបណ្តាញភ្នាក់ងារធនាគារ វីង ១១.០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។

ស្របពេលដែលទំនាក់ទំនងទ្វេភាគីរវាងប្រទេសជប៉ុន និងកម្ពុជាកាន់តែរឹងមាំ ធនាគារ វីង និងក្រុមហ៊ុន City Express នៅតែបន្តផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់ទៅដល់សហគមន៍កម្ពុជាដែលបន្តកើនឡើងនៅក្នុងប្រទេសជប៉ុន។ ការផ្តល់នូវគាំទ្រទាំងនេះ នឹងជួយពួកគាត់អាចឲ្យផ្ញើប្រាក់ដែលរកបានទាំងលំបាកទៅកាន់ក្រុមគ្រួសារនៅស្រុកកំណើត ដែលនឹងជួយលើកកម្ពស់ការអភិវឌ្ឍសហគមន៍ និងសង្គមជាតិកាន់តែប្រសើរ៕