(មីឡាន)៖ នាយកប្រតិបត្តិផ្នែកកីឡារបស់ក្លិប Inter Milan លោក Giuseppe Marotta នឹងឡើងកាន់តំណែងជាប្រធានថ្មី នៃក្លិបម្ចាស់ពានរង្វាន់លីគកំពូលអ៉ីតាលី Serie A បន្ទាប់ពីត្រូវបានតែងតាំងដោយម្ចាស់ថ្មីរបស់ក្លិប គឺក្រុមហ៊ុនអាម៉េរិក Oaktree។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

លោក Marotta នឹងជំនួសតំណែងប្រធានដែលត្រូវចាកចេញ លោក Steven Zhang បន្ទាប់ពីមានកិច្ចប្រជុំម្ចាស់ភាគហ៊ុននៅទីក្រុង Milan នាយប់ថ្ងៃអង្គារ ដោយក្រុមប្រឹក្សាភិបាលថ្មីរបស់ក្លិប។

ក្រុមហ៊ុន Oaktree បានគ្រប់គ្រងក្លិប Inter កាលពីខែមុន ប៉ុន្មានថ្ងៃ បន្ទាប់ពីក្លិបបានឈ្នះពានរង្វាន់លីគកំពូលអ៉ីតាលី ជាលើកទី២០របស់ខ្លួន នៅពេលដែលអតីតម្ចាស់ក្លិប គឺក្រុមហ៊ុន Suning មិនបានសង់ប្រាក់កម្ចីរយៈពេល ៣ឆ្នាំ ដែលមានចំនួនរហូតដល់ ៣៩៥លានអឺរ៉ូ (៤២៨លានដុល្លារអាម៉េរិក)។

លោក Marotta បានចូលរួមជាមួយ Inter ក្នុងឆ្នាំ២០១៨ ក្នុងតួនាទីជាប្រធានផ្នែកប្រតិបត្តិការបាល់ទាត់ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Suning និងវិនិយោគិន Zhang។

ចាប់តាំងពីពេលនោះមក Inter បានឈ្នះពានរង្វាន់លីគ Serie A ចំនួន ២លើក Italian Cups ចំនួន ២លើក, Italian Super Cups ៣លើក និងក្លិបបានឡើងដល់វគ្គផ្តាច់ព្រ័ត្រទាំងព្រឹត្តិការណ៍ Champions League និងព្រឹត្តិការណ៍ Europa League៕