(ដាណាង)៖ ក្រុមអត្តពលិកកីឡាវ៉ូវីណាមសិស្សកម្ពុជា បានបំបែកកំណត់ត្រាថ្មី ក្នុងការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៣ (13th ASEAN Schools Games) ឆ្នាំ២០២៤ នៅទីក្រុងដាណាង ប្រទេសវៀតណាម ក្រោយដណ្ដើមបានមេដាយមាសលើកដំបូង ក្នុងប្រវត្តិចូលរួមប្រកួត ៥លើកកន្លងមក។

គិតត្រឹមល្ងាចថ្ងៃទី០៤ ខែមិថុនា ក្រុមកីឡាវ៉ូវីណាម នៃកីឡាសិស្សកម្ពុជា ដណ្ដើមបានមេដាយមាស ២គ្រឿងបន្ថែមទៀត ដែលនាំឲ្យកម្ពុជាហក់ឡើងឈរទីកំពូលតារាងមេដាយបណ្ដោះអាសន្ន ក្នុងប្រភេទកីឡាវ៉ូវីណាម ដោយដណ្ដើមបានមេដាយសរុប ៧គ្រឿង (មាស ២ ប្រាក់ ១ និងសំរឹទ្ធ ៤) ខណៈថៃ ឈរលេខ២ ឈ្នះមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ២ និងក្រុមម្ចាស់ផ្ទះវៀតណាម ឈ្នះមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១ ឈរលេខ៣។

ចំពោះមេដាយមាសលើកដំបូង ដែលកម្ពុជាទទួលបានពីព្រឹត្តិការណ៍កីឡាសិស្សប្រចាំតំបន់នេះ ដណ្ដើមបានដោយកីឡាករ លឹម សំរឹទ្ធ លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៥៤គីឡូក្រាម និងមេដាយមាស ១គ្រឿងទៀត ដណ្ដើមបានដោយកីឡាការិនី អ៊ូ សូលីដា និងកីឡាការិនី សេង សុខលីហ្សា លើវិញ្ញាសាមេគុនដាវក្រុមនារី ២នាក់។

នេះជាលើកដំបូងហើយ ដែលប្រតិភូកីឡាសិស្សកម្ពុជា ដណ្ដើមបានមេដាយច្រើនបែបនេះ ដ្បិតការចូលរួមប្រកួត ៤លើកកន្លងមក កម្ពុជាធ្លាប់ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងប៉ុណ្ណោះ ដោយអត្តពលិកកីឡាវាយកូនឃ្លីលើតុ កាលពីឆ្នាំ២០១៦ នៅថៃ។ បន្ទាប់មកកម្ពុជា ក៏បានបញ្ជូនអត្តពលិកចូលរួមប្រកួតជាបន្ដបន្ទាប់ លើកលែងកំឡុងវិបត្តិកូវីដ-១៩ ដែលព្រឹត្តិការណ៍នេះខកខានរៀបចំ តែកម្ពុជា ពុំទទួលបានមេដាយអ្វីទៀតឡើយ។

គួរដឹងថា ព្រឹត្តិការណ៍ 13th ASEAN Schools Games ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនប្រតិភូកីឡាសរុបចំនួន ៤០នាក់ចូលរួមប្រកួត លើ ៤ប្រភេទកីឡា រួមមានកីឡាអត្តពលកម្ម, ហែលទឹក, វ៉ូវីណាម និងកីឡាវាយសី ក្រោមការដឹកនាំរបស់លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូ។ ចំពោះការប្រកួតគ្រោងនឹងបញ្ចប់នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ ខណៈកីឡាវ៉ូវីណាម នៅសល់ការប្រកួត ១ថ្ងៃទៀត នាថ្ងៃទី០៥ ខែមិថុនានេះ៕