(មេនឆេស្ទឺ)៖ ខ្សែបម្រើក្លិប Manchester City កីឡាករ Kevin De Bruyne នៅតែរក្សាការបើកចិត្ត ក្នុងការផ្លាស់ទៅលេងនៅលីគអារ៉ាប៊ីសាអូឌីត Saudi Pro League។ នេះបើតាមសម្តីកីឡាករសញ្ជាតិបែលហ្សិក វ័យ ៣២ឆ្នាំបានលើកឡើង ខណៈលោកកំពុងត្រៀម ក្នុងការឈានដល់ឆ្នាំចុងក្រោយ (នៅសល់ ១ឆ្នាំទៀត) នៃកិច្ចសន្យារបស់លោក ជាមួយក្លិបម្ចាស់ពានរង្វាន់លីគ Premier League។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

ប្រធានក្រុមជម្រើសជាតិបែលហ្សិករូបនេះ បានឈ្នះពានរង្វាន់ Premier League ៦លើក និងពានរង្វាន់ Champions League ១លើក ព្រមទាំងពាន់រង្វាន់ FA Cup ២លើកផងដែរ គិតចាប់តាំងពីឆ្នាំ២០១៥ នៅពេលលោកបានផ្លាស់មកពីក្លិបអាល្លឺម៉ង់ VfL Wolfsburg។

អារ៉ាប៊ីសាអូឌីត បានវិនិយោគយ៉ាងច្រើន លើវិស័យកីឡា ដូចជា Formula One, វាយកូនគោល និងបាល់ទាត់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈកីឡាករ Cristiano Ronaldo, Neymar និង Karim Benzema បានស្ថិតក្នុងចំណោមកីឡាករល្បីឈ្មោះ ដែលបានចុះកិច្ចព្រមព្រៀង ផ្លាស់ទៅលេងនៅលីគ Saudi Pro League។

គួរជម្រាបថា De Bruyne នឹងលេងលើកទី១០០ ឱ្យក្រុមជម្រើសជាតិ នៅពេលដែលបែលហ្សិក ធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវម៉ុងតេណេហ្គ្រោ ក្នុងការប្រកួតមិត្តភាពនៅថ្ងៃពុធនេះ មុនពេលព្រឹត្តិការណ៍ European Championship៕