(ប៉ារីស)៖ ខ្សែប្រយុទ្ធ Kylian Mbappe បានទម្លាយរឿងខ្លះៗ ដែលលោកមិនសប្បាយមិត្តនៅក្លិបបារាំង Paris Saint Germain រហូតឈានដល់ចាកចេញទៅចូលរួមជាមួយ Real Madrid គឺមកពីកត្តាមនុស្ស និងរឿងរ៉ាវជាច្រើនទៀត។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

Mbappe វ័យ ២៥ឆ្នាំ ដែលបានផ្លាស់ទៅចូលរួមជាមួយ Real Madrid ដោយគ្មានតម្លៃផ្ទេរផងនោះបានបញ្ជាក់ថា រូបលោកបានបដិសេធបន្តកិច្ចសន្យាថ្មីលេងនៅ Parc des Princes «ក៏ព្រោះតែមានរឿងជាច្រើន គួបផ្សំកត្តាមនុស្សផងដែរ ដែលធ្វើឱ្យខ្ញុំមិនសប្បាយចិត្តជាមួយ PSG»

តារាជើងស៊ុតរបស់ PSG រូបនេះ បានបដិសេធក្នុងការបន្តកិច្ចសន្យា ១ឆ្នាំទៀតជាមួយក្រុមជើងឯកបារាំង នៅមុនពេលកិច្ចសន្យាចាស់របស់លោកនឹងផុតកំណត់នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

ការលេងនៅ PSG រយៈពេល ៧រដូវកាល មុនពេលចាកចេញនោះ Mbappe បានជួយក្រុមមានមូលដ្ឋាននៅទីក្រុង Paris មួយនេះឈ្នះជើងឯកលីគ Ligue 1 បាន ៦ដង និងរងជើងឯក UEFA Champions League កាលឆ្នាំ២០២០ ផងដែរ ដ្បិតចាញ់ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រ គ្រាដែលពានធំប្រចាំទ្វីបអឺរ៉ុបមួយនេះ ជាក្តីស្រម៉ៃរបស់គេ ក្នុងនាមជាកីឡាករដែលធ្លាប់ឈ្នះពាន World Cup ជាមួយមាន់គកបារាំងនាឆ្នាំ២០១៨ រួចមក៕