(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft កំពុងកាត់បន្ថយការងារបុគ្គលិកជាច្រើននាក់នៅអង្គភាព Azure Cloud របស់ខ្លួន ខណៈការបញ្ឈប់លើកនេះគឺ បន្ថែមទៅលើការបញ្ឈប់បុគ្គលិកជាច្រើននាក់ផ្សេងទៀត ដែលត្រូវបានរាយការណ៍នាពេលកន្លងទៅ។

នេះបើតាម Business Insider បានរាយការណ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។

ការបញ្ឈប់ការងារជុំនេះ នឹងប៉ះពាល់ដល់ក្រុមការងារផ្នែក Azure ផ្ទាល់ ទាំងផ្នែកប្រតិបត្តិករ និងវិស្វកម្មជាដើម ដែលពាក់ព័ន្ធដល់ការងារដល់ទៅ ១,៥០០ ដងដែរ។ ជុំវិញដំណឹងនេះ អ្នកនាំពាក្យក្រុមហ៊ុន Microsoft បានប្រាប់រ៉យទ័រថា «ការកែសម្រួលអង្គការ និងកម្លាំងពលកម្ម គឺជាផ្នែកចាំបាច់ នៃការគ្រប់គ្រងអាជីវកម្មរបស់យើង។ យើងនឹងបន្តផ្តល់អាទិភាព និងវិនិយោគលើផ្នែកផ្សេងទៀត ដែលជាកំណើនយុទ្ធសាស្រ្តសម្រាប់អនាគតរបស់យើង និងជាការគាំទ្រដល់អតិថិជន និងដៃគូរបស់យើង»

គេនៅចាំបានថា ការកាត់បន្ថយការងារពេលនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុនបានកាត់បន្ថយការងារចំនួន ១,៩០០កន្លែង នៅ Activision Blizzard និង Xbox នៅក្នុងខែមករាឆ្នាំនេះ។ មិនមែនតែ Microsoft ទេ សូម្បីតែក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតរួមទាំង Amazon និង Salesforce ក៏បានបញ្ឈប់បុគ្គលិកជាច្រើនរយនាក់ក្នុងឆ្នាំ២០២៤នេះដែរ។

គួរជម្រាបថា អង្គភាព Azure Cloud របស់ក្រុមហ៊ុន Microsoft កំពុងមើលឃើញពីការរីកចម្រើនយ៉ាងខ្លាំង ដោយសារតែការវិនិយោគដ៏ច្រើនរបស់ក្រុមហ៊ុននៅក្នុង AI និងការចូលទៅកាន់បច្ចេកវិទ្យារបស់ OpenAI តាមរយៈភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ។ តែយ៉ាងណា ក្រុមហ៊ុននេះ ក៏បង្ខំចិត្តបញ្ឈប់បុគ្គលិកមួយចំនួនជាចាំបាច់ផងដែរ ដើម្បីកាត់បន្ថយចំណាយ៕