(ភ្នំពេញ)៖ ឥឡូវនេះធនាគារ វីង អនុញ្ញាតដល់ពលរដ្ឋកម្ពុជារស់នៅក្នុងប្រទេសកូរ៉េខាងត្បូង និងជប៉ុន បើកគណនីធនាគារ ដោយគ្រាន់តែប្រើប្រាស់អត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួន និងលេខទូរសព្ទដៃ ហើយទទួលបានការប្រាក់ថែមទៀតផង។

ធនគារ វីង (ខេមបូឌា) ម.ក ឥឡូវនេះអនុញ្ញាតដល់ពលរដ្ឋកម្ពុជារស់នៅក្នុងប្រទេសកូរ៉េខាងត្បូង និងជប៉ុន អាចបើកគណនីធនាគារពីចម្ងាយ ដោយផ្តល់នូវមធ្យោបាយប្រកបដោយសុវត្ថិភាព លឿនរហ័ស និងងាយស្រួលក្នុងការគ្រប់គ្រងលុយនៅលើទូរសព្ទដៃដោយផ្ទាល់តែម្តង។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា «ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសខិតខំធ្វើការមិនគិតពីភាពនឿយហត់ ដើម្បីជួយផ្គត់ផ្គង់គ្រួសារនៅឯស្រុកកំណើត។ ហេតុនេះហើយ យើងខ្ញុំមានបំណងចង់ជួយពួកគាត់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពជាងមុខ បើទោះបីពួកគាត់រស់នៅឆ្ងាយពីប្រទេសកំណើតក៏ដោយ។ តាមរយៈការបើកគណនីធនាគារ វីង ពួកគាត់អាចបង្កើនចំណូលបន្ថែម តាមរយៈការដាក់ប្រាក់សន្សំ ហើយអាចទទួលបានអត្រាការប្រាក់ខ្ពស់ផងដែរ»។​

ជាមួយអេប Wing Bank អ្នកប្រើប្រាស់អាចរីករាយជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុ និងអត្ថប្រយោជន៍ជាច្រើន។ ក្នុងនោះ អតិថិជនអាចទទួលបានអតា្រការប្រាក់ខ្ពស់រហូតដល់ ៣% ក្នុងមួយឆ្នាំសម្រាប់គណនីសន្សំ, ខណៈដែលអតិថិជនបើក «គណនីសន្សំដើម្បីគោលដៅ» ទទួលបានអត្រាការប្រាក់រហូតដល់ ៨.៧៥% ក្នុងមួយឆ្នាំ ហើយជាងនេះទៅទៀត ធនាគារ វីង ផ្តល់អត្រាការប្រាក់រហូតដល់ ៩% សម្រាប់គណនីសន្សំមានកាលកំណត់។ ការផ្តល់ជូនទាំងនេះ មិនត្រឹមតែធានាបាននូវសុវត្ថិភាពលុយដែលពួកគាត់រកបានប៉ុណ្ណោះទេ ប៉ុន្តែជួយបង្កើតចំណូលបន្ថែម ក៏ដូចជាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុផងដែរ។

ដើម្បីបើកគណនីធនាគារ វីង ជំហានដំបូងអតិថិជនគ្រាន់តែដំឡើងអេប Wing Bank នៅលើស្មាតហ្វូន ហើយបន្ទាប់មកបើកដំណើរការអេប រួចជ្រើសរើសគណនីណាមួយដែលចង់បាន (គណនីសន្សំ ឬគណនីចរន្ត)។ ជំហានបន្ទាប់ វាយបញ្ចូលលេខទូរសព្ទ បញ្ជាក់អាសយដ្ឋានប្រទេសរស់នៅ ផ្ទៀងផ្ទាត់អត្តសញ្ញាណជាមួយលេខកូដសម្ងាត់ OTP ដែលត្រូវបានផ្ញើជាសារ ហើយថតរូបសែលហ្វីផ្ទៀងផ្ទាត់។
បន្ទាប់មកបញ្ចូលឯកសារអត្តសញ្ញាណប័ណ្ណ បំពេញព័ត៌មានគណនីចាំបាច់មួយចំនួន ហើយបង្កើតលេខកូដសម្ងាត់ចំនួន ៤ខ្ទង់ ដើម្បីបញ្ចប់ដំណើរការជាការស្រេច។

ដើម្បីផ្ទេប្រាក់ចូលទៅក្នុងគណនីធនាគារ វីង អតិថិជនអាចធ្វើបានយ៉ាងងាយតាមរយៈអេបរបស់ដៃគូនៃធនាគារ វីង។ គ្រាន់តែកំណត់ចំនួនទឹកប្រាក់ បន្ទាប់មកផ្ទេរចូលទៅក្នុងគណនីធនាគារ វីង នោះអតិថិជនអាចធ្វើប្រតិបត្តិការផ្សេងៗបានកាន់តែងាយស្រួលមិនថាជាការបង់ថ្លៃវិក្កយបត្រទឹក-ភ្លើង, ថ្លៃបង់សាលារៀន, បង់កម្ចី ក៏ដូចជាសេវាជាច្រើននៅក្នុងប្រទេសកម្ពុជា បើទោះបីរស់នៅក្រៅប្រទេសក្តី ក៏ពួកគាត់អាចប្រើប្រាស់សេវាកម្មទាំងនេះបានភ្លាមៗដែរ។

ការពង្រីកវិសាលភាពរបស់សេវាកម្មធនាគារ វីង ទៅកាន់ប្រទេសទាំងពីរនេះ ត្រូវបានរំពឹងទុកថា នឹងរួមចំណែកដ៏សំខាន់ចំពោះសុខុមាលភាពហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជារស់នៅទីនោះ និងធានាបាននូវភាពរីកចម្រើនដល់ប្រជាជនក្នុងប្រទេសនីមួយៗ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុក បានបង្ហាញថា បច្ចុប្បន្នមានប្រជាជនកម្ពុជាប្រមាណ ៦០.០០០នាក់ រស់នៅប្រទេសកូរ៉េខាងត្បូង និងប្រហែល ៣០.០០០នាក់ រស់នៅប្រទេសជប៉ុន៕