(ប៊ែកឡាំង)៖ តោកំណាចអង់គ្លេស នៅតែជាក្រុមដែលពុំអាចមើលរំលងបានដដែល តាមរយៈការព្យាករណ៍បានបង្ហាញថា មានស្ថិតិខ្ពស់ជាងគេ ក្នុងការឈ្នះជើងឯកពានរង្វាន់អឺរ៉ុប UEFA Euro 2024 នៅប្រទេសអាល្លឺម៉ង់លើកនេះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រវិភាគ theanalyst.com ដែលបានដកស្រង់ចេញពី Opta Supercomputer បានបង្ហាញថា អង់គ្លេស អតីតក្រុមរងជើងឯកកាលពី Euro 2020 មានស្ថិតិឈ្នះពាន Euro 2024 ដល់ទៅ ១៩.៩%ឯណោះច្រើនជាងគេ ក្នុងការក្លាយជាជើងឯកពានអឺរ៉ុបជំនាន់ទី១៧ នេះ។

ក្រុមដែលដឹកនាំដោយលោក Gareth Southgate មួយនេះ នៅពុំដែលឈ្នះជើងឯកអឺរ៉ុបម្តងណាឡើយ និងទើបតែប្រេះស្រាំបេះដូងថែមទៀត ដ្បិតចាញ់អ៊ីតាលីកាលផ្តាច់ព្រ័ត្រឆ្នាំ២០២១ នៅក្នុងទឹកដីរបស់ខ្លួនទៀតផង។

ជាមួយគ្នានោះដែរ បារាំងដែលជាជើងឯករង World Cup 2022 បានឈរនៅលេខរៀងទី២ តាមពីក្រោយអង់គ្លេស ដែលមានស្ថិតិឈ្នះជើងឯក Euro 2024 មានចំនួន ១៩.១% ដ្បិតក្រុមមាន់គកមួយនេះបានត្រឹមរងជើងឯកកាលពី Euro 2016 នៅក្នុងផ្ទះរបស់ខ្លួន ពេលចាញ់ព័រទុយហ្គាល់ ១-០ ក្នុងម៉ោងថែម ១៥នាទី ២ដង។ ទន្ទឹមគ្នានោះ ម្ចាស់ផ្ទះអាល្លឺម៉ង់ មានស្ថិតិឈ្នះ ១២.៤% អេស្ប៉ាញ ៩.៦% ព័រទុយហ្គាល់ ៩.២% ហូឡង់ ៥.១៩% អ៊ីតាលី ៥.០% និងចុងក្រោយគេគឺ ប៊ែលហ្សិក មានស្ថិតិឈ្នះត្រឹមតែ ៤.៧% តែប៉ុណ្ណោះ៕