(ភ្នំពេញ)៖ ក្លិបបាល់ទាត់វិសាខា នៅថ្ងៃទី០៥ ខែមិថុនានេះ បានបង្ហាញឯកសណ្ឋានផ្លូវការ សម្រាប់ត្រៀមរដូវកាលថ្មី ឆ្នាំ២០២៤-២០២៥ របស់ខ្លួន ក្រោយបញ្ចប់ការប្រកួតរដូវកាលចាស់ ត្រឹមចំណាត់ថ្នាក់លេខ៣ ដូចគ្នា។

ឯកសណ្ឋានថ្មី ដែលអតីតក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ៣សម័យ ទើបបង្ហាញថ្ងៃនេះ គឺមាន ៣ឈុត និង ៣ពណ៌ផ្សេងៗ ដោយវិសាខា រក្សាពណ៌ខៀវ សម្រាប់អត្តសញ្ញាណលេងក្នុងដី និងពណ៌ស លេងក្រៅដី ព្រមទាំងឯកសណ្ឋានពិសេស ពណ៌បៃតងចាស់ផងដែរ។

គួរដឹងថា ក្នុងរដូវកាលឆ្នាំ២០២៣-២០២៤ កន្លងទៅថ្មីៗ វិសាខា បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ដូចគ្នា ទាំងក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧។ មុននឹងការប្រកាសឯកសណ្ឋានថ្មីខាងលើ វិសាខាក៏បានប្រកាសនាំចូលខ្សែប្រយុទ្ធចំណូលថ្មី សញ្ជាតិកូរ៉េ គឺកីឡាករ Park Jungbin ដើម្បីត្រៀមជួយក្រុមនារដូវកាលថ្មីខាងមុខផងដែរ៕