(បទេស)៖ ក្រុមហ៊ុនខ្នាតយក្ស Tesla ត្រូវបានគេព្យាករណ៍ថានឹងចំណាយប្រាក់ចន្លោះពី ៣ ទៅ ៤ ពាន់លានដុល្លារលើការទិញ Hardware ពីក្រុមហ៊ុនផលិតបន្ទះឈីប Nvidia នៅឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

កំពូលមហាសេដ្ឋីលោក Elon Musk បានបង្ហោះសារនៅថ្ងៃអង្គារសប្តាហ៍នេះថា ក្នុងចំណោមប្រាក់ ១០ពាន់លានដុល្លារក្នុងការចំណាយដើមទុនទាក់ទងនឹងបញ្ញាសិប្បនិម្មិត្ត AI នៅឆ្នាំនេះ ក្នុងនោះមានប្រហែលជាពាក់កណ្តាលនឹងត្រូវបានប្រើសម្រាប់ការចំណាយផ្ទៃក្នុង។ Musk បានគូសបញ្ជាក់ថា «សម្រាប់ការបង្កើតក្រុមបណ្តុះបណ្តាល AI នោះ នឹងត្រូវចំណាយទៅលើ Hardware ពីក្រុមហ៊ុន Nvidia ប្រហែល ២/៣ នៃការចំណាយសរុប»

គួរជម្រាបថា Tesla កាលពីខែមេសាកន្លងទៅ ធ្លាប់បានរំលឹកឡើងវិញនូវការព្យាករណ៍ការចំណាយដើមទុនរបស់ខ្លួនលើសពី ១០ពាន់លានដុល្លារនៅឆ្នាំនេះ ហើយបាននិយាយថាខ្លួនបានរំពឹងថាការចំណាយដើមទុន ឬ CAPEX នឹងមានចំនួនពីចន្លោះពី ៨ពាន់លានដុល្លារទៅ ១០ពាន់លានដុល្លារក្នុងឆ្នាំនីមួយៗ។ ដោយឡែកសម្រាប់ព័ត៌មានលម្អិតផ្សេងទៀតក្រុមហ៊ុន Tesla នៅមិនទាន់មានការបញ្ជាក់លម្អិតនៅឡើយនោះទេ៕