(ភ្នំពេញ)៖ កាលពីពេលថ្មីៗកន្លងមកនេះ បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងiTrainKids ដែលជាក្រុមហ៊ុនបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាដ៏ល្បីល្បាញមកពីប្រទេសសិង្ហបុរី បានចុះអនុស្សរណៈជាមួយគ្នា ក្នុងគោលបំណងបញ្ចូលការអប់រំបែប STEAM ដល់សិស្សានុសិស្សចាប់ពីកម្រិតបឋម ដើម្បីបណ្តុះជំនាញសរសេរកូដ និងបង្កើតកម្មវិធីកុំព្យូទ័រ ព្រមទាំងជំនាញផ្សេងទៀត សម្រាប់បម្រើ និងគាំទ្រវិស័យដទៃទៀតឲ្យមានការីកចម្រើន។

លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា អនុស្សរណៈជាមួយក្រុមហ៊ុន iTrainKids នឹងផ្តល់ការបណ្តុះបណ្តាលជំនាញពាក់ព័ន្ធនឹង STEAM មានដូចជា៖ Robotics, Mobile Apps Development, Game Development, Web Development, Digital Literacy, STEAM Education, Industry 4.0, និង Innovation and 3D printing ។

បើតាមប្រសាសន៍របស់លោកឧកញ៉ា ប៉ិច បូឡែន ជំនាញ STEAM គឺមិនមែនសម្រាប់តែអ្នក IT នោះទេ តែក្នុងបរិបទបច្ចុប្បន្ន STEAM ត្រូវបានប្រើប្រាស់ស្ទើរតែគ្រប់វិស័យទាំងអស់ ទាំងឧស្សាហកម្ម កសិកម្ម ក៏ដូចជាពាណិជ្ជកម្មផងដែរ ។ ហើយនៅបណ្តាញសាលារៀនវ៉េស្ទឡាញន៍ ជំនាញមួយនេះ នឹងត្រូវបណ្តុះបណ្តាលតាមកម្រិតពីបឋមសិក្សា រហូតដល់មធ្យមសិក្សា នៅឆ្នាំសិក្សាថ្មីខាងមុខនេះ ដើម្បីធានាថា សិស្សដែលបញ្ចប់មធ្យមសិក្សាពីបណ្តាញសាលារៀនវ៉េស្ទឡាញន៍ គឺមានជំនាញទាក់ទងនឹងបំណិន STEAM ដោយពួកគេអាចយកជំនាញមួយនេះ ទៅប្រកបមុខរបរទទួលទាន ជួយដល់មុខរបរឪពុកម្តាយ ឬ បើពួកគេបន្តទៅកាន់ថ្នាក់មហាវិទ្យាល័យ គឺគេនឹងមានជំនាញខ្ពស់នៅក្នុងការស្រាវជ្រាវ បូកបន្ថែមទៅលើជំនាញឯកទេសដែលពួកគេរៀនតាមវិស័យមួយៗបាន ពោលគឺសិស្សដែលបញ្ចប់ការសិក្សាពីបណ្តាញសាលារៀនវ៉េស្ទឡាញន៍ គឺអាចធ្វើសកម្មភាពសេដ្ឋកិច្ច ប្រកបរបរទទួលទាន ឬ ក៏ធ្វើការបានលឿនរហ័ស។

យ៉ាងណាក៏ដោយបច្ចុប្បន្ននេះ សិស្សានុសិស្សនៃបណ្តាញសាលារៀនវ៉េស្ទឡាញន៍ កំពុងទទួលបានការបណ្តុះបណ្តាលកម្មវិធីឌីជីថល ICT Skill មួយចំនួន ហើយបន្ទាប់ពីអនុស្សរណៈនេះ នឹងមានការដាក់បន្ថែមនូវកម្មវិធីមួយចំនួនថ្មីទៀត។ ជាមួយគ្នាបណ្តាញសាលារៀនវ៉េស្ទឡាញន៍ ក៏បើកអនុញ្ញាតឱ្យសិស្សពីខាងក្រៅអាចចុះឈ្មោះចូលរៀនកម្មវិធីសិក្សា STEAM ដែលសហការជាមួយ iTrainKids នេះបានផងដែរ៕